ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, នាថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមការងារសាខារួមមាន៖ លោក យឹម យូហៀង ប្រធានការិយាល័យបង្ការ និងឆ្លេីយតបគ្រោះមហន្តរាយ និងលោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន ផ្សារ និងសហគមន៍ក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ។
គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ ដេីម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ។
សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការនេះ មានការចាក់ជាសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាលតាមរថយន្ត និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋពីវិធីលាងសម្អាតដៃ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕ដោយ៖ស តារា