ខេត្តព្រៃវែង ៖ មន្ត្រីយោធាដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ អ៊ែល វិបុល អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិតាហុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ខណៈ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រយកទ្រព្យសម្បត្តិនានា គិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។
បើតាមនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ៖ មន្ត្រីយោធារូបនេះ បានរងការចោទប្រកាន់ថា កាលពីយប់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រូបគេ និងបក្ខពួកជាច្រើននាក់ បានធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រហេងយ៉ុង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ តាមពាក្យបណ្តឹង បានអះអាងថា សកម្មភាពគាស់ឃ្លាំងរោងចក្រនេះ មន្ត្រីយោធា និងបក្ខពួក បានលួចយកទ្រព្យសម្បត្តិរបស់រោងចក្រ ដែលមានតម្លៃសរុបប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។ ការឃាត់ខ្លួនមន្ត្រីយោធាខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោក ប៊ូ ប៊ុនហេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 ចំនួន ២បង់ គ្រាប់ ១៦គ្រាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ប្រគល់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ទីតាំងមូលដ្ឋាន កន្លែងកើតហេតុដើម្បីបន្តនីតិវិធីធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ សិលា