ព័ត៌មានទាន់ហេតុការណ៍៖

សូមអ្នកដែលបានចេញចូលហាងបឺហ្គ័រ «Carl’s Jr» ទួលទំពូង ពីថ្ងៃទី២៧ វិច្ឆិកា – ៥ ធ្នូ ត្រូវធ្វើចត្ដាឡីស័ក ក្រោយរកឃើញបុគ្គលិកម្នាក់កើតជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានអំពាវនាវដល់អ្នកដែលធ្លាប់ចេញចូលហាង «Carl’s Jr Burger» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវបំផុត។
សូមបញ្ជាក់ថា៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងថា៖ អ្នកដែលដឹងខ្លួនថាធ្លាប់ចេញចូលហាងនេះ ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដាច់ខាតមិនត្រូវដើររហេតរហូតនោះទេ ហើយអំឡុងពេលនេះ ក៏ត្រូវតាមដានសុខភាពរបស់ខ្លួនឲ្យជាប់ជាប្រចាំផងដែរ ប្រសិនបើមានអាការៈប្រែប្រួល សុំទូរស័ព្ទទៅលេខ ១១៥ជាបន្ទាន់។

សូមជម្រាបថា ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «បើគិតតាមបច្ចេកទេស គឺអ្នកដែលបានប៉ះពាល់គាត់ផ្ទាល់ និងប្រយោល ក្នុងប្រហែលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះសុំលោកអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ឲ្យបានត្រឹមត្រូវជាទីបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដាច់ខាតកុំចេញដើររហេតរហូតឲ្យសោះ ហើយតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបើមានអាការៈប្រែប្រួលសុំហៅទៅលេខ១១៥»៕

ដោយ៖សិលា


ចែករំលែក៖