ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាស្លាប់មនុស្ស២នាក់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តមួយគ្រឿងបើកជែងគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង១រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ២០ និង ២១ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ផ្លុង វិត ភេទប្រុស អាយុ៤១ឆ្នាំ និងអ្នករួមដំណើរឈ្មោះហន ហួយ ភេទប្រុស អាយុ៤០ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១E-០០៥១ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ឌុបគ្នា២នាក់ បម្រុងបត់ឆ្វេងចូលផ្ទះ។ នៅពេលមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពាក់ស្លាកលេខបាត់ដំបង២B-៥១៩៣ ធ្វើដំណើរស្របទិសគ្នា បានបើកជែងនឹងរថយន្តមួយគ្រឿងនៅពីមុខ ក៏បានជ្រុលទៅបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យជនគ្រោះប៉ើងចេញម៉ូតូស្លាប់ទាំង២នាក់ភ្លាមតែម្តង។
ក្រោយពេលកើតហតុម្ចាស់រថយន្តរត់គេចខ្លួន បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។រីឯ មធ្យោបាយធ្វើដំណើរដែលបង្កហេតុទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ ៕ដោយ៖ ចន្ថា


ចែករំលែក៖