ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃទទួលបានការស្វាគមន៍​ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យខួបកំណើតរបស់អតីតព្រះមហាក្សត្រ

ចែករំលែក៖

ពលរដ្ឋថៃរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងឱកាសដែលព្រះអង្គបានរៀបចំព្រះរាជពិធីបុណ្យខួបកំណើតរបស់ព្រះបិតាព្រះអង្គ។
តាមសារព័ត៌មាន AP ពលរដ្ឋរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn នៅថ្ងៃទី​៥ខែធ្នូ ។ នេះជាព្រឹត្តិការណ៍សំខាន់បំផុតដែលព្រះអង្គបង្ហាញព្រះវត្តមាននៅទីសាធារណៈ ខណៈមានក្រុមបាតុករប្រឆាំងអូសបន្លាយជាច្រើនខែកន្លងមកទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។
ព្រះមហាក្សត្រ​Maha Vajiralongkorn និងព្រះមហេសី Suthida ក៏បានលើកព្រះហស្ថស្វាគមន៍ពលរដ្ឋផងដែរ​ ពេលយាងចូលទៅដល់ទីលានSanam Luang ​ក្នុងរាជធានីបាងកក ជាទីកន្លែងរៀបចំពិធី។ ពលរដ្ឋគាំទ្រ​បានលើកស្លាកបដាថា​«ព្រះមហាក្សត្រម៉ឺនឆ្នាំ»។
បើទោះបីព្រះមហាក្សត្រ Bhumibhol Adulyadej បានចូលទិវង្គត៤ឆ្នាំកន្លងមកហើយក្តី ប៉ុន្តែ​ថ្ងៃប្រសូត្ររបស់ព្រះអង្គនៅតែកត់ត្រាក្នុងប្រតិទិនជាតិ ជាថ្ងៃនៃព្រះបិតា។ ព្រះអង្គបានគ្រងរាជ្យរយៈពេល៧០ឆ្នាំ​​ មានព្រះកិត្តិនាមល្បីល្បាញនៅលើពិភពលោក​ ពិសេសគឺពលរដ្ឋថៃ​។ ព្រះអង្គទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីប្រជារាស្ត្រទាំងអស់​ ហើយអ្នកដែលបំពានដល់ព្រះមហាក្សត្រ នឹងត្រូវជាប់គុកដល់ទៅ​១៥ឆ្នាំ។ ពលរដ្ឋមិនដែលមានការបញ្ចេញមតិពាក់ព័ន្ធអតីតព្រះមហាក្សត្រឡើយ។
ប៉ុន្តែក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ក្រុមនិស្សិត​បាននាំគ្នាធ្វើបាតុកម្មប្រឆាំង​តាំងពីខែសីហាមកទល់ពេលនេះ ដោយទាមទារកែទម្រង់ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​៕ដោយ៖ធី រីណា


ចែករំលែក៖