ចំណេះដឹងទូទៅ៖ លោកអ្នកខ្លះប្រហែលជាមិនដឹងថាផ្កាគ្រប់ប្រភេទ គឺជាធនធានធម្មជាតិជីវៈចម្រុះមួយបែបដែលកម្ពុជាយើងមាន ក្រៅពីធនធានសត្វព្រៃ ព្រៃឈើ និង ដំណាំទាំងកសិកម្ម ឧស្សាហកម្ម និង ដំណាំហូបផ្លែដ៏សម្បូរបែបផ្សេងទៀត សម្រាប់បំពេញតម្រូវការរបស់ប្រជាជនខ្មែរយើង ។
លើសពីនេះទៅទៀត ផ្កាខ្លះមានឈ្មោះពីរោះខ្លាំង ដែលលើសពីឈ្មោះដែលប្រជាជនតាមភូមិស្រុកតែងហៅតៗគ្នា រហូតអាចឱ្យអ្នកមិនស្គាល់ផ្កានោះបានប្រសិនបើគ្រាន់តែឮឈ្មោះ និង មិនបានឃើញរូបរាងរបស់វា ។
ជាក់ស្តែងប្រភេទផ្កាខ្មែរមួយចំនួន ដែលមានឈ្មោះសុទ្ធតែពីរោះៗ មិនត្រឹមតែប៉ុណ្ណោះអ្នកម្ដាយខ្លះអាចយកឈ្មោះវាទៅដាក់ឈ្មោះឱ្យកូនស្រីបានថែមទៀត ។
តោះបើចង់ដឹងច្បាស់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖
១. ផ្កាសុមនា ឬ សុមនាបុស្ប ជាឈ្មោះខ្មែរ ដែលមានឈ្មោះបច្ចេកទេសថាផ្កាម្លិះរួត ។ ម្លិះរួតជាចុល្លព្រឹក្សមានកម្ពស់ ៣០ ទៅ ៩០ស.ម គេដាំជាលម្អនឹងសម្រាប់យកក្លិនផ្កាពណ៌ស ក្រអូបត្រជាក់ ប្រើការបានច្រើនយ៉ាង ដូចជាទឹកអប់ ឬ ចងកម្រងផ្កា ម្លិះរួតខុសពីម្លិះលាដោយមានផ្កាជារួតៗ ជាច្រើនស្រទាប់ ។
២.ផ្កា កណិការ ឬ ផ្កា កណិការ ជាផ្កាច្រើនមានដុះនៅពាសពេញបណ្តាប្រទេសនៅអាសុីអាគ្នេយ៍ គេច្រើនយកវាមកដាំលម្អរ តាមសួនច្បាព្រោះដោយសារវាមានក្លិនក្រអូប ដើមកណិការអាចមានកម្ពស់រហូតដល់ ៣០មមានស្លឹកធំ ផ្តល់ម្លប់បានល្អ ។ ផ្កាអាចប្រើជាឱសថសំរាប់ព្យាបាល ដំបៅ, រលាក ,ដំសាច់ , សម្រួលចលនាឈាម និង រោគឃ្លង់ផងដែរ សំបក និងស្លឹកជួយព្យាបាលជម្ងឺគ្រុន ។ ភាគច្រើនគេនិយមយកផ្កាវាមកដាក់ក្នុងទូរសំលៀកពាក់ដើម្បីអោយមានក្លិនក្រអូប និង អាចជួយបណ្តេញសត្វល្អិតចង្រៃដែលមកបំផ្លាញសំលៀកបំពាក់យើងបានផងដែរ ។ ស្លឹកធំអាចប្រើសម្រាប់មូរថ្នាំជក់បាន ដើមអាចយកមកធ្វើជាគ្រឿងសង្ហារឹមបាន និងផលិតជាប្រេងម៉ាសូត បានដែរ ។
៣. ផ្កាកេសរកូល ដកចន្ទន៍ ច្រើនដុះជាគុម្ភ ដើមរបស់វាមានប្រវែងប្រហែលពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ក្នុងមួយដើមមានស្លឹកចំនួន ៥ ទៅ៧ សន្លឹកហើយទងផ្កាមានប្រវែង ២០ ទៅ ៣០ សង់ទីម៉ែត្រ ដែលមានផ្កាពី ៥ ទៅ២០ទងក្នុងមួយដើម ហើយរីកនៅតាមដើមចាស់ៗរបស់វា។ ចំណែករដូវចេញផ្កាគឺពីខែមិនា ដល់ខែ កក្កដា ។ ផ្កាមានទំហំចាប់ពី ៤ ទៅ ៥សង់ទីម៉ែត្រ និងមានពណ៌សរ នៅផ្នែកត្របកតូច និង ត្របកធំ ត្របកមាត់មានពណ៌សរ និងមានពណ៌លឿងនៅចំកណ្តាល កេសរកូលអំបូរនេះច្រើនមានដុះនៅតាមវាលទំនាប ក្នុងព្រៃស្ទើរស្រោងក្នុងរយៈកម្ពស់ចាប់ពី ០ ទៅ៥០០ម៉ែត្រ ពីនេវូទឹកសមុទ្រ ។ ស្លឹករបស់វាដុះតម្រៀបគ្នាជាពីរជួរ នៅលើក្តៀងរបស់វា ផ្កាមានសណ្ឋានមធ្យមឆាប់រោយ ប៉ុន្តែមានក្លិនក្រអូបខ្លាំង ។ នៅសម័យសង្គ្រាមប្រជាជនជួប ទុរភិក្សក៏បេះដើមវាមកអាំងហូបជាមួយទឹកត្រី! ក្តៀងរបស់វាមានជាតិជ័រថ្លាអាចប្រើការយកលាបលើមុខបំបាត់មុនបាន ។
៤.ផ្កាអង្គាបុស្ស ជាផ្កាមួយប្រភេទ ផ្កាពណ៌ស មានក្លិន ក្រអូបឈ្ងប់ខ្លាំងដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុងចុះក្រោម ជាផ្កាដំណាក់ៗយ៉ាងស្រស់ស្អាត ។ វាត្រូវបានដុះឯងៗនៅក្នុងព្រៃ ឬត្រូវបានគេដាំក្នុងស្រុកប្រើសម្រាប់លំអ ប្រើជាឱសថ និងជាបន្លែផងដែរ ។
៥. ផ្កាមល្លិកា ត្រូវបានហៅតៗគ្នាថាផ្កាម្លិះ ។ ផ្កានេះមានសម្បុរស ក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង ។ សព្វថ្ងៃផ្កាមល្លិកាត្រូវបានប្រជាជនកម្ពុជាមួយចំនួនដាំជាដំណាំកសិកម្មសម្រាប់បម្រើឱ្យទីផ្សាទ្រង់ទ្រាយធំ ព្រោះដោយសារតែមានតំរូវការច្រើន ។ នៅបរទេសផ្ការបស់វាត្រូវបានគេយកទៅផលិតជា ទឹកអប់ ឬ លាយផ្សំជាមួយគ្រឿងសម្អាងផងដែរ។ ផ្កាមល្លិការីកបានពេញមួយឆ្នាំ ជាហេតុដែលគេចូលចិត្តដាំវានៅតាមគេហដ្ឋាន ព្រោះដោយសារតែវាងាយស្រួលដាំ ៕