គណៈប្រតិភូអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានបញ្ចប់ការចរចាបន្ទាប់នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី 25 ខែមីនា។ កិច្ចប្រជុំដែលហាក់ដូចជាមានរយៈពេលជាងមួយម៉ោង បន្ទាប់ពីកិច្ចពិភាក្សារយៈពេល 12 ម៉ោងរវាងសហរដ្ឋអាមេរិកនឹងរុស្ស៊ីនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី 24 ខែមីនា ។ ទោះយ៉ាងណាព័ត៌មានលម្អិតនៃការចរចាចុងក្រោយនេះមិនទាន់ត្រូវបានគេបង្ហាញជាសាធារណៈនៅឡើយទេ។
កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។ លោក Trump បាននិយាយថា កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក នឹងអ៊ុយក្រែនរួមមានការពិភាក្សាលើបញ្ហាទឹកដី ខ្សែបន្ទាត់ព្រំដែន និងស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Kyiv Independent ដំបូងឡើយ អាមេរិកគ្រោងនឹងជួបទាំងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃតែមួយ ប៉ុន្តែបន្ទាប់មក លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ជំនួបដំបូងជាមួយក្រុងគៀវ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមីនា មួយថ្ងៃមុនកិច្ចចរចារវាងអាមេរិកនឹងរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ដែលដឹកនាំគណៈប្រតិភូទីក្រុងគៀវ បាននិយាយថា អ្នកតំណាងយោធា ការទូត និងថាមពលបានចូលរួមក្នុងការពិភាក្សាកាលពីថ្ងៃទី 23 ខែមីនា។ “ការសន្ទនាមានលក្ខណៈស្ថាបនា និងមានអត្ថន័យ យើងបានពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងវិស័យថាមពលផងដែរ” ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនក៏បានបង្ហើបថា កិច្ចចរចាកាលពីថ្ងៃ ២៣ ខែមីនា រវាងអ៊ុយក្រែន និងអាមេរិក នៅទីក្រុងរីយ៉ាដ មានគោលបំណងកាត់បន្ថយជម្លោះជាមួយរុស្ស៊ី។
ទន្ទឹមនឹងនេះ ខាងភាគីរុស្ស៊ី យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី 25 ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គណៈប្រតិភូមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានធ្វើកិច្ចពិគ្រោះយោបល់ផ្នែកបច្ចេកទេសនៅទីក្រុងរីយ៉ាដ ហើយបានបញ្ជូនរបាយការណ៍ទៅកាន់មេដឹកនាំនៃភាគីទាំងពីរ។
លោក Peskov បានពន្យល់ថា “និយាយឱ្យខ្លី នេះគឺអំពីការចរចាបច្ចេកទេស។ បច្ចេកទេសមានន័យថា ការចរចាដែលចូលទៅក្នុងលម្អិត ដូច្នេះជាការពិតណាស់ ខ្លឹមសារនៃការចរចាទាំងនេះនឹងមិនត្រូវបានបង្ហាញជាសាធារណៈទេ។ នេះជាអ្វីដែលមិនគួររំពឹងទុក” លោក Peskov បានពន្យល់៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN