ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ម៉ាង ស៊ីណេត៖​ ខេត្តព្រះសីហនុមានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន ៣ ៨២៥ ទីតាំង មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ១២៧ ៤០០នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងខេត្តព្រះសីហនុមានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន ៣ ៨២៥ ទីតាំង មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ១២៧ ៤០០នាក់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ២៩០ មានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារអាមេរិក បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការចំនួន ១៨១ មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ៥០ ៥០០ នាក់ ដែលទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ជាង ១៦,៥ លានដុល្លារអាមេរិក ក្នុងមួយខែៗ។

ការលើកឡើង​បែបនេះ​របស់លោក​អភិបាល​ខេត្ត​ព្រះសីហនុ​ នាឱកាសសម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ អញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានបង្កលក្ខណៈសម្បត្តិឱ្យរដ្ឋបាលខេត្តបានចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកអភិបាលខេត្ត បានបន្តថា ជាក់ស្តែងខេត្តព្រះសីហនុមានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថានីយបូមទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានទុកដាក់សំរាមស្តង់ដារ ការដាំដើមឈើលម្អតាមដងវិថីនានា ការរៀបចំផ្លូវថ្មើរជើង ទីលានតេជោ រួមទាំងរូបបដិមានៅតាមរង្វង់មូលធំៗរួមមាន៖ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក រង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលព្រះថោង-នាងនាគ និងស្លាកអក្សរ «ខ្មែរធ្វើបាន»  បង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិ ដែលបញ្ជាក់ថា ខ្មែរពិតជាមានសមត្ថភាពធ្វើបាន។

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុមានអគារខ្ពស់ៗ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅដែលរាជរដ្ឋាភិបាល បាននឹងកំពុងអភិវឌ្ឍសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជាយើងមានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន១លានTEUs ជាលើកដំបូង។

លោក ម៉ាង ស៊ីណេត បញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុមានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ក្នុងនោះ ៥ កំពុងដំណើរការ ២ កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ និង ៥ ទៀតមិនទាន់មានសកម្មភាព។

លោក ម៉ាង ស៊ីណេត បានឱ្យដឹងថា តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ 

លោក ម៉ាង ស៊ីណេត បានឱ្យដឹងទៀតថា អនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៧ លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន ៤ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៧លានដុល្លារអាមេរិក និងក្នុងឆ្នាំ២០២៥ នេះ មានចំនួន ១គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ២លានដុល្លារអាមេរិក)។

លោក ម៉ាង ស៊ីណេត បានបន្ថែមថា ផ្អែកលើសក្តានុពលនៃការរីកចម្រើន ធ្វើឱ្យខេត្តព្រះសីហនុទទួលបានផលិត ផល ក្នុងស្រុកសរុប(GDP) ចំនួនប្រមាណ ១ ៦១៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន ៤ ៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ក្នុងឆ្នាំ២០២៣។

លោក ម៉ាង ស៊ីណេត បានឱ្យដឹងថា ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង។ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវរដ្ឋបាល ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បានឱ្យដឹងថា នៅខេត្តព្រះសីហនុមានសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈចំនួន២ គឺទី១៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងទី២៖វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិនខេត្តព្រះសីហនុ ដែលកំពុងបំពេញបេសកកម្មបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន យ៉ាងសកម្មក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ ១ ២ និង៣ ដែលមានមន្រ្តី បុគ្គលិក សរុបចំនួន ៧៩នាក់ ស្រី ១៥នាក់ និស្សិតបានចុះឈ្មោះចូលរៀនសរុបមានចំនួន ៧៣៣នាក់ ស្រី ២៦១នាក់៕

ដោយ​៖ តារា​


ចែករំលែក៖