ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ CBC​ បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «ការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤»

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «ការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ  និងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤» ។ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មាន៨០នាក់ មកពី៥២ស្ថាប័ន។

គោលបំណងនៃការរៀបចំវេទិកាពិភាក្សាសារព័ត៌មានខាងលើនេះគឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចបានស្វែងយល់អំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជាក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន, និន្នាការនៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤។ 

តាមរយៈនៃកិច្ចពិភាក្សានោះអ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជា ការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ៕

ដោយ៖ តារា


ចែករំលែក៖