ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើង​ លួច ឆក់និងបង្កហិង្សាចំនួន២០នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សានិងធ្វើសកម្មភាពលួច ឆក់​ ចំនួន២០នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ។

   តាមនគរបាលបានឲ្យដឹងថា ដោយ អនុវត្តតាមបទបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាខណ្ឌនានាធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុង រយៈពេល៣ថ្ងៃ ជាលទ្ធផលបង្រ្កាបបាន១០ករណីដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់។នៅក្នុងនោះករណី ឆក់ , ករណី លួច, និងករណីក្មេងទំនើងប្រើហិង្សា។

តាមនគរបាលបានឱ្យដឹងទៀតថា  នៅក្នុងចំណោមជនសង្ស័យចំនួន២០ នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ក្រាបបាន១ករណីឆក់ទូរស័ព្ទ, នគរបាលខណ្ឌដូនពេញ បង្ក្រាបបាន២ករណី(ឆក់ទូស័ព្ទ ១ករណី, ករណីលួចម៉ូតូនិងខ្សែភ្លើង១ករណី), នគរបាលខណ្ឌដង្កោ បង្ក្រាបបាន២ករណី (ឆក់ទូរស័ព្ទនិងលួចម៉ូតូ),នគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានជនសង្ស័យឆក់១ករណី, នគរបាលខណ្ឌ៧មករាបង្ក្រាបបាន១ករណីលួចខ្សែភ្លើង, នគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមក្មេងទំនើងប្រើហិង្សា ទំនាស់វាយគ្នានិងកាប់ម៉ូតូបណ្តាលអោយខូចខាត១ករណី, នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន២ករណី(រំលោភលើទំនុកចិត្តខ្ចីម៉ូតូនិងធ្វើអោយខូចខាតដោយចេតនាគប់កញ្ចក់ឡាន)។ 

បច្ចុប្បន្នជនសង្ស័យទាំង២០ នាក់ត្រូវបានកម្លាំងនគរបាលជំនាញនិងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖