ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ តើខេត្តព្រះសីហនុ មានសក្តានុពលអ្វីដែលលេចធ្លោរជាងគេ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយ ដែលត្រូវការការកសាងជាបន្តទៅមុខទៀតជានិច្ច ខណៈខេត្តនេះ គឺជាខេត្តនាំមុខគេ ដែលមានកំពង់ផែទឹកជ្រៅ។ សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺមានសមត្ថភាពទទួលការចូលចត របស់នាវាដឹកទំនិញធំៗលើពិភពលោក អាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង នេះជាមោទនភាពណាស់សម្រាប់កម្ពុជា។ 

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅក្នុងឱកាសជំនួបជាមួយនាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា វៀតណាម និងឡាវ គឺលោកស្រីនាយិកា បានមើលឃើញពីចំណុចសំខាន់ក្នុងការអភិវឌ្ឍរីកចម្រើន គឺត្រូវមានធនធានមនុស្ស ហើយធនាគារពិភពលោក នឹងបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ខាងមុខនេះ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែល ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោត លើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖

ទី១. ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ទី៣. ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង ទី៥, ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការ ចាំបាច់នានា និង កំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាព អប់ រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម តាមរយៈទី១. ការពង្រឹងអភិបាល កិច្ចសាលារៀន, ទី២. ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុង ការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និង ឥរិយាបថសិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់ កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤. ការ ជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ» ៕ 

ដោយ ៖ សិលា


ចែករំលែក៖