ព័ត៌មានទាន់ហេតុការណ៍៖

នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​នេះ! មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ ចាប់ផ្តើម​តម្រង់​ជួរ ធ្វើតេស្តលើក​ទី​២​

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែធ្នូ ឆ្នាំ២០២០នេះ មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ ត្រូវ​ទៅធ្វើ​តេស្តយក​សំណាកលើក​ទី​២ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ដោយបាន​តម្រង់​ជួរ ដើម្បី​ចូលធ្វើ​តេស្ត​ម្តងម្នាក់ៗ។ ហើយនេះ​ជា​លើក​ទី​២​ ដែល​មន្ត្រីរាជការ សរុប ១៥៤៤​នាក់ ដែល​បានធ្វើ​តេស្ត យក​សំណាកលើក​ទី​១ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ។

បើតាមក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូនេះ បានប្រកាស​ថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​ទាំងអស់ បាន​ចំនួន ១១៣០៥ នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី សរុប​ចំនួន ៣២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

ជាក់ស្តែងកាលពី​ថ្ងៃទី​៦ ខែធ្នូ​ម្សិលមិញនេះ ក្រសួងសុខាភិបាល ទើប​រកឃើញ​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ទៀត បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ជា​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ខណៈដែលស្ត្រី​រូបនេះ បាន​ចូលក្នុង​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង ២០ និង៣០ នាទី​យប់ ( ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ )។

​ដោយឡែកអ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ផ្សេងទៀត នឹងត្រូវ​ធ្វើតេស្ត លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ ៥ ទីកន្លែង ដែល​ក្រសួងសុខាភិបាល បានកំណត់ រួមមាន​៖ ១-​ផ្ទះ​សម្តេច ហេង សំរិន ២-​ផ្ទះ​សម្តេច​ក្រឡាហោម ស ខេង ៣-​រដ្ឋសភា ៤-​ទីតាំង​អង្គភាព​ភី​ឡត បន្ទាយ​ទួល​ក្រសាំង សម្រាប់​ក្រុម​ភី​ឡត និង​ក្រុម​អង្គរក្ស​សម្តេច​តេ​ជោ និង​៥-​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ( សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល )​៕ដោយ៖ស តារា


ចែករំលែក៖