ខេត្តរតនគិរី៖ នារីវ័យក្មេងម្នាក់បានធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួនព្រោះតែខឹងឪពុកម្ដាយឧស្សាហ៍ឈ្លោះប្រកែកគ្នាញឹកញាប់ពេកធ្វើឱ្យនាងខ្មាសអ្នកជិតខាងរហូតដល់លែងចង់រស់។
ហេតុការណ៍នារីវ័យក្មេងធ្វើអត្តឃាតនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៦ ខែធ្នូឆ្នាំ២០២០ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថា នារីដែលធ្វើអត្តឃាត ដោយលេបថ្នាំសម្លាប់ខ្លួនទាំងនៅវ័យក្មេងនោះព្រោះតែខឹងនឹងឪពុកម្ដាយឧស្សាហ៍ឈ្លោះប្រកែកគ្នាញឹកញាប់ពេកធ្វើឱ្យខ្លួននាងកើតក្តីខ្មាសអៀនដល់អ្នកជិតខាងខ្លាំងពេកក៏សម្រេចចិត្តបែបនេះតែម្តង។
ប្រភពបន្តថា នារីធ្វើអត្តឃាតឈ្មោះ គុយ វីណា អាយុ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរ បុគ្គលិកពេទ្យឯកជន (ពេទ្យស្កាយអុីន នៅខេត្តរតនគិរី) មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តទៀតថា ពេលល្ងាចថ្ងៃទី៥ ខែធ្នូ នារីរូបនេះបានត្រឡប់មកពីធ្វើការនៅក្រុងបានលុងមកហូបបាយពេលល្ងាចជួបជុំសមាជិកគ្រួសារដូចសព្វដង ហើយពេលហូបបាយរួចនាងមិនបានចូលសម្រាកទេគឺនៅសរសេររបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។ លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែធ្នូម្ដាយបានឮសំឡេងកន្ត្រាក់ដៃកន្ត្រាក់ជើងស្មានតែមានចោរចូលលួចគាស់ផ្ទះក៏បានដាស់ប្តីត្រូវជាឪពុកនារីរងគ្រោះងើបមើល ។
ប៉ុន្តែមិនបានឃើញមានអ្វីទេ ក៏ចូលមកក្នុងផ្ទះវិញស្រាប់តែឃើញកូនស្រីដេកនៅលើក្ដារមានអាការដង្ហក់ និងក្អួតចង្អោរបាត់មាត់បាត់ក ភ្លាមៗនោះក៏បានរកឡានអ្នកភូមិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់ផងដែរ។
ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នាងក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។
ក្រោយពេលបបញ្ជូនសពនាងមកដល់ផ្ទះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ បានចុះទៅពិនិត្យធ្វើកោសល្យវិច័យលើសព និងសាកសួរក្រុមគ្រួសារនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថាជាករណីធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួនឯងពិតប្រាកដមែន តែមិនបានស្គាល់ថ្នាំដែលនារីធ្វើអត្តឃាត នេះលេបនោះទេ និងបានធ្វើកំណត់ហេតុ ប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចផងដែរ៕ដោយ៖ ជីវ័ន្ត