ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ រហ័សនាម មហាទើស បានបង្ហោះសារ ភ្ជាប់ដោយរូបថតមួយចំនួនដែលបានលើកឡើងអំពីបញ្ហារលួយចុងច្រមុះរបស់ខ្លួនព្រោះតែការកែសម្ផស្សនៅគ្លីនិចមួយនាប្រទេសថៃ។ សារភ្ជាប់ដោយរូបថតដែលបង្ហាញច្បាស់ពីឈ្មោះគ្លីនិចល្បីល្បាញឈ្មោះយីហោ សុមចៃគ្លីនិចដែលមានទីតាំងនៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលសារនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន។ ក្រៅតែពីភាពភ្ញាក់ផ្អើលគឺដល់ពេលដែលលេចចេញដំណឹងប្រតិកម្មវិញម្តងថា តារារូបនេះអាចប្រឈមនឹងរងពាក្យបណ្តឹងពីម្ចាស់គ្លីនិចខាងលើ ជុំវិញបណ្តឹងបរិហាកេរិ៍នោះ។
កន្លងទៅ វីដេអូនៃការរលួយចុងច្រមុះរបស់តារាចម្រៀងម៉ៃសុគន្ធ ត្រូវបានទម្លាយឡើងកាលពីចុងខែវិច្ឆិកាឆ្នាំ២០២០នេះបន្ទាប់ពីលោកបានស្វែងរកការព្យាបាលនៅគ្លីនិចក្នុងស្រុកមួយយីហោតុងម៉ី។ អ្វីដែលចាប់អារម្មណ៍ គឺលោក ម៉ៃ សុគន្ធ បានបញ្ជាក់លើបណ្តាញសង្គមថា ច្រមុះដែលលោកមានបញ្ហាគឺក្រោយពីការវះកាត់ដាក់ខ្ទង់ដែលធ្វើនៅគ្លីនិចមួយ យីហោ សុមចៃគ្លីនិចនៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលការវះកាត់នេះធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៨មកម្ល៉េះ។ក្រៅពីនេះលោកក៏បានភ្ជាប់ដោយសារយ៉ាងចាក់ដោតចោទទៅលើគ្លីនិចនេះខ្វះទំនួលខុសត្រូវ ហើយលោកថែមទាំងអំពាវនាវកុំឲ្យអ្នកនិយមកែសម្ផស្សកុំផ្តល់ទំនុកចិត្តខ្លាំងពេកទៅលើគ្លីនិចខ្លះនៅទីនោះ។ លោកថាសេវាកម្មធ្វើឲ្យរួចតែពីដៃ ហើយពេលនេះខ្ទង់ដែលដាក់ពីមុនធ្វើឲ្យច្រមុះលោកមានបញ្ហានោះត្រូវបានដកចេញហើយហើយត្រូវបានព្យាបាលជំនួសដោយមជ្ឈមណ្ឌលកែសម្ផស្សតុងម៉ីនៅភ្នំពេញ។
យោងតាមប្រភពពីអ្នកសិល្បៈម្នាក់បានលើកឡើងថាពេលនេះលេចចេញប្រតិកម្មពីម្ចាស់គ្លីនិចល្បីឈ្មោះនៅប្រទេសថៃនោះហើយ ហើយតារារូបនេះអាចរងទៅនឹងបណ្តឹងនៃការបរិហារកេរ្ដិ៍ផងដែរ។ប្រភពថា គេក៏សង្កេតឃើញគណនីយហ្វេសប៊ុករបស់លោកស្រី Dana Orm ដែលគេស្គាល់ថាជាអ្នកជំនួញវ័យក្មេង ចិត្តសប្បុរសនោះ បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រីអមដោយខ្លឹមសារថា”ជូនចំពោះបុគ្គលតារាសំគិះម្នាក់ ដែលមានចិត្ត លោបលន់ ចង់ផុសបង្ខូចបំផ្លាញអ្នកដ៏ទៃដើម្បីប្រយោជន៏ផ្ទាល់។ បានផុសបំផ្លាញគេ ដើម្បីជួយផ្សាយ គ្លីនិក នឹង គ្រូពេទ្យថ្មីមិនច្បាស់លាស់ គ្មានច្បាប់មួយកន្លែង ។ នេះគ្រាន់ជាការផុសសារក្រើនរំលឹកអោយដឹង បើនៅមិនភ្ញាក់រំលឹកទៀត មានតែចាត់ការតាមច្បាប់សំរាប់ពួកលោក , លោកតារា នឹងគ្លីនិកគ្មានច្បាប់ហើយនោះផង។មានវិធីច្រើនណាស់ក្នុងការប្រមូទតែមិនត្រូវប៉ះពាល់បង្ខូចដល់អ្នកដ៏ទៃទេ។ហើយ គ្លីនិក somchai នឹងមាននៅស្រុកខ្មែរឆាប់ៗនេះ បើកដោយរូបនាងខ្ញុំ នឹង DrNok Somchaiclinic ផ្ទាល់។ ចង់ប្រាប់ថាជាគ្លីនិក somchai មានប្រវត្តិល្អ ល្បីរាប់សិបឆ្នាំ ហើយ គ្រូពេទ្យនីមួយៗមានជំនាញច្បាស់លាស់ នឹង ទំនួលទទួលខុសត្រូវ ទទួលស្គាល់ទូទាំងប្រទេសថៃ”។ បើទោះបីជាមិនបានបញ្ជាក់អំពីឈ្មោះតារាម្នាក់នោះថាជាអ្នកណាប៉ុន្តែគេអាចសន្និដ្ឋានបានថាគឺជាការសំដៅទៅលើលោកម៉ៃ សុគន្ធ តែម្តង។
ទោះជាយ៉ាងណា តារាចម្រៀង ម៉ៃ សុគន្ធថ្មីៗនេះលោកម៉ៃ សុគន្ធ ក៏បានចេញមុខសុំទោសជាសាធារណៈផងដែរខណៈរូបថតដែលលោកបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុនមួយចំនួនត្រូវបានលុបចេញវិញផងដែរ។ ខណៈដែលម្ចាស់គ្លីនិចតុងម៉ីនោះក៏បានបញ្ចេញវីដេអូទាំងយប់ដើម្បីធ្វើការគោរពសុំទោសទៅកាន់ លោកស្រី ដាណា អ៊ុំ និងម្ចាស់គ្លីនិចល្បីរបស់ប្រទេសថៃនោះផងដែរ ដែលការផុសកន្លងមកនាំឲ្យប៉ពាល់ដល់កេរិ៍ឈ្មោះគ្លីនិចខាងលើផងដែរ៕
ដោយ៖ វឌ្ឍនា