ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌សូមគោរពជូន​ថ្នាក់ដឹកនាំ​ សហការី និង​មន្រ្តីរាជការ​ទាំងអស់​ដែល​បម្រើការងារ​នៅក្នុង​វិស័យច្បាប់ និងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងយុត្តិធម៌សូមគោរពជូនថ្នាក់ដឹកនាំ សហការី និងមន្រ្តីរាជការទាំងអស់ ដែលបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិក្រសួងយុត្តិធម៌ធម៌ មេត្តាជ្រាបថា ៖ ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាលនៅឡើយ ដូច្នេះ វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គឺជាជម្រើសដ៏ល្អជាងគេក្នុងចំណោមវិធានការបង្ការដទៃទៀត ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជា ធ្វើឲ្យសង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាជន អាចវិលត្រឡប់ និងមានដំណើរការជាធម្មតាឡើងវិញ។
បន្ទាប់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃរួចមក ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយជាខ្លាំងចំពោះដំណឹង និងបានបង្ហាញការគាំទ្រតាមគ្រប់រូបភាព ហើយក្នុងនោះ ក៏មានសប្បុរសជនជាច្រើនបានសម្តែងសុឆន្ទៈបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ក្នុងទឹកចិត្តស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់ប្រជាជនកម្ពុជា។ ការចូលរួមដ៏ច្រើនរបស់ប្រជាជនកម្ពុជា ក្នុងការបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃនេះ បានក្លាយជាចលនាប្រជាជនមួយ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា ជា “ខឿនការពារសុខភាពរបស់ប្រជាជន”។
ផ្អែកលើបរិការណ៍ខាងលើនេះ ចំពោះមន្រ្តីបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលមានទឹកចិត្តចូលរួមក្នុង “ខឿនការពារសុខភាពរបស់ប្រជាជន” ដែលជាចលនាស្នេហាជាតិ និងសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ ហើយមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ សូមធ្វើការបរិច្ចាគថវិកានេះ តាមរយៈច្រកទាំងពីរ ដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ គឺ ៖
ច្រកទី១-តាមរយៈឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានលេខទូរស័ព្ទ 012961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្រ្តី និង
ច្រកទី២-តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy ដោយសូមបញ្ជាក់ឈ្មោះ និងទីកន្លែងរស់នៅឲ្យបានត្រឹមត្រូវរបស់អ្នកបរិច្ចាគថវិកា។

ក្នុងករណីចាំបាច់ អាចចូលរួមតាមរយៈក្រសួងយុត្តិធម៌ ដោយសូមទាក់ទងព័ត៌មានបន្ថែមជាមួយឯកឧត្តម អ៊ួង សុភារិន្ទ តាមរយៈលេខទូរស័ព្ទ ៖ 012 168 68 68 ។

សូមរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តើមចេញពីខ្លួនយើងម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍នីមួយៗ។
ការពារប្រឆាំងនឹងជំងឺកូវីដ-១៩ គឺដើម្បីការពារខ្លួនយើង, ការពារគ្រួសារយើង, ការពារសហគមន៍យើង, ការពារប្រជាជនយើង និងការពារប្រទេសជាតិយើង! ៕
សូមអរគុណ!

ដោយ សិលា


ចែករំលែក៖