ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលអំណោយដ៏ថ្លៃថ្លាពីលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ ដែលរួមមានម៉ាស់ចំនួន ២មុឺន និងសម្ភារមួយចំនួន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជាពិសេស បន្ទាប់ពីកើតមានព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។
អំណោយដ៏ថ្លៃថ្លានេះ ក្រសួងនឹងចែកជូនមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រើប្រាស់សម្រាប់កិច្ចប្រជុំនានា ហើយមួយចំណែកទៀត នឹងប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលមាន លោក រដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ពិសេសនៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍។
កាយវិការមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយ រវាងកម្ពុជា-ចិន។ បន្ថែមលើនេះ ស្ថិតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ-១៩នេះ មិត្តចិនបានបង្ហាញឱ្យឃើញពីអត្ថន័យដ៏ជ្រាលជ្រៅ និងគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការជួយដល់កម្ពុជាលើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចឱ្យបាននូវ “សហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជា”។
លោករដ្ឋលេខាធិការប្រចាំការបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ និងសហការីដែលបាននាំយកម៉ាស់ និងសម្ភារៈមួយចំនួនជូនក្រសួងទេសចរណ៍។ សម្ភារទាំងនេះ ពិតជាមានសារៈសំខាន់រួមចំណែកក្នុងការការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ សិលា