ទីក្រុងឆាងវ៉ុនដែលស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ គឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា បានផ្ដល់នៅរថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿងក្នុងដំណាក់កាលដំបូងនេះជូនសាលាខេត្ត ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្តព្រះសីហនុ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ ពីសំណាក់លោកអភិបាលក្រុងឆាងវ៉ុន Heo Seong-moo ដែលពិធីប្រគល់ទទួលនេះបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត។
ជំនួសមុខជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណជូនភាគីមិត្តដែលមានសណ្តានចិត្តជួយចែករំលែកនូវរថយន្ត និងសម្ភារៈបរិក្ខារក្នុងវិស័យសង្គ្រោះបន្ទាន់នេះ ដែលស្ថានភាពនៃការរីកចម្រើន អភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី ៣ របស់កម្ពុជា យើងពិតជាត្រូវការកិច្ចសហប្រតិបត្តិការ ទាំងភ្នែករឹង និងផ្នែកទន់ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុ។
ឆ្លើយតបនិងសំណូមពរបន្ថែមលោក ឡុង ឌីម៉ង់ សាលាក្រុងឆាងវ៉ុនបានឯកភាពក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យម ដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យនិងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ឲ្យពួកគាត់មករៀនសូត្រផង និងអនុវត្តជាក់ស្ដែងផងនៅកូរ៉េ។
ស្ថានទូតកម្ពុជាសូមវាយតម្លៃខ្ពស់នូកិច្ចសហប្រតិបត្តិការក្នុងកម្រិតថ្នាក់មូលដ្ឋាននេះ ដែលសបញ្ជាក់បង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប្រទេសយើងទាំងពីរ ហើយស្ថានទូតនឹងបន្តជម្រុញលើកកំពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានបែបនេះជាមួយខេត្តក្រុងកូរ៉េបន្តទៅមុខទៀត។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេលប្រមាណ ២ ខែចុងក្រោយនេះ សាលាក្រុងសេចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុនបានផ្ដល់ជូនរថយន្តដឹកសំរាម 1 គ្រឿង និងម៉ាសចំនួន ៣ ម៉ឺន ជូនសាលាខេត្តសៀមរាប តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ។”
ប្រភព៖ ទទក