ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធ​នឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន

ចែករំលែក៖

ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងលោក ហ្សូហ្សេប៉េ កុងតេ​ នាយករដ្ឋមន្រ្តីអ៊ីតាលី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធ​នឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
​កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង (១) ការប្តេជ្ញាចិត្តថ្មីនិងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ
(២) យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ (៣) ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និង (៤) ផែនការបញ្ចូលការ
ប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោលនយោបាយនានា។
​​ថ្លែងនៅក្នុងសុន្ទរកថាប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ពិភពលោក ដែលទាមទារការដោះស្រាយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
សម្តេចតេជោ នឹងលើកឡើងផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី៕

ដោយ៖ សិលា


ចែករំលែក៖