ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា លោកនឹងជាអ្នកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩មុនគេបង្អស់នៅក្នុងប្រទេសអុីស្រាអែល។ វ៉ាក់សាំងដែលអុីស្រាអែលទិញយកទៅប្រើប្រាស់គឺផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក។
កាលពីថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូបានបញ្ជាក់ថា លោកនឹងចាក់វ៉ាក់សាំងមុនគេដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ។ លោកណេតាន់យ៉ាហ៊ូ អាយុ៧១ឆ្នាំ បានលើកឡើងទៀតថា លោកបានសម្រេចចាក់វ៉ាក់សាំងមុនគេ គឺមិនចង់ឲ្យពលរដ្ឋផ្សេងទៀតខ្លាចនោះឡើយ។
លោកណេតាន់ យ៉ាហ៊ូបញ្ជាក់ថា «ខ្ញុំជឿជាក់លើវ៉ាក់សាំងនេះ ខ្ញុំចង់ធ្វើជាគំរូដល់ពលរដ្ឋអុីស្រាអែល»។
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងដៃគូBioNTech របស់ប្រទេសអាល្លឺម៉ង់ បានដាក់លិខិតស្នើសុំប្រើប្រាស់នៅអាមេរិក ។ នៅពេលនេះវ៉ាក់សាំងបានប្រើប្រាស់នៅក្នុងប្រទេសកាណាដា និងអង់គ្លេស ។
កាលពីខែវិច្ឆិកា ក្រុមហ៊ុន Pfizer-BioNTech បានយល់ព្រមផ្តល់ជូនអុីស្រាអែល៨លានដូស ហើយអុីស្រាអែលនឹងចាប់ផ្តើមចាក់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ កាលពីថ្ងៃទី៩ខែធ្នូ អុីស្រាអែលទទួលបានវ៉ាក់សាំង១លានដូស នៅចុងខែធ្នូនឹងទទួលបន្ថែម៤លានដូសទៀត៕ដោយ៖ធី រីណា