រដ្ឋាភិបាលអាមេរិក មានគម្រោងចែកចាយវ៉ាក់សាំងកូវីដ-១៩ចំនួន២,៩លានដូសនៅតាមបណ្តារដ្ឋដើម្បីចាក់ជូនពលរដ្ឋនៅចុងសប្តាហ៍នេះ ប្រសិនបើនាយកដ្ឋានចំណីអាហារ និងឱសថអាមេរិក (FDA) ផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់។
មានប្រសាស៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតនាថ្ងៃទី៩ខែធ្នូលោកGustave Perna ទទួលបន្ទុកតាមដានកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងរបស់រដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបញ្ជូនវ៉ាក់សាំង២,៩លានដូស
បន្ថែមទុកចាក់ដំណាក់កាលទីពីរ។ ក្រៅពីនេះនៅមានវ៉ាក់សាំង៥សែនដូសទៀតទុកបង្ការពេលប្រើប្រាស់បន្ទាន់។
នៅថ្ងៃទី១០ខែធ្នូ FDA នឹងបើកកិច្ចប្រជុំដើម្បីអនុម័តច្បាប់ប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer/BioNTech ។ ប្រសិនបើត្រូវបានអនុម័តនោះអាមេរិកនឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ ភ្លាមៗ ដោយវ៉ាក់សាំងបានបញ្ជូនទៅកាន់គោលដៅរួចរាល់ហើយ។
បច្ចុប្បន្នមានអង់គ្លេស និង កាណាដាបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer/BioNTech ហើយមិនមានក្តីបារម្ភណាមួយ ពាក់ព័ន្ធសុវត្ថិភាពនោះឡើយ។
ក្រៅពីនេះប្រទេសជាច្រើនទៀតក៏មានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋរបស់ខ្លួនក្នុងពេលឆាប់ៗនេះដែរ គឺមុនឆ្នាំ២០២១ ដោយខ្លាចក្នុងពេលសម្រាកចុងឆ្នាំអាចនឹងមានករណីឆ្លងច្រើនទៀត៕ដោយ៖ធី រីណា