ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូឌុបកូនហើយប្រឹងបើកប្រជែងគ្នាធ្វើឱ្យជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតរងរបួស៣នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីពីរនាក់និងក្មេងប្រុសម្នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបើកស្របទិសគ្នាហើយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១៣ត្រង់ចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករំដួលបានឲ្យដឹងថា ស្ត្រីដែលជិះម៉ូតូបង្កហេតុមានឈ្មោះជិន មន្ថា អាយុ៣៣ ឆ្នាំ មុខរបរកសិករ ឌុបកូនប្រុសមានឈ្មោះ ពៅ សារ៉ាន អាយុ៦ឆ្នាំ រស់នៅភូមិនាងចាន់ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ស្វាយរៀង១P-៣៣១៥ បានរងការខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតដែលរងគ្រោះមានឈ្មោះ ម៉ែន សាមន អាយុ ៥៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិចក ឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងទៀតថា មុនពេលកើតហេតុមានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១F-១២៩៦ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវកែងបម្រុងបត់ឆ្វេងស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង១P-៣៣១៥ជិះគ្នា២នាក់មកពីក្រោយហើយបានបើកជែងក៏បុកគ្នាបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសទាំង៣នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖