ខេត្តក្រចេះ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ រួមសហការបន្តចុះបង្ក្រាបបទល្មើស ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ បានដូចភ្លៀងរលឹម ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំមន្ត្រីខណ្ឌ និងផ្នែករដ្ឋបាលជលផល កាំពី រួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុក គណៈកម្មការសហគមន៍នេសាទ ថ្មគ្រែ ក្រគរ និងរកាកណ្តាល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងទ្រនូលឆ្នាំង ស្ថិតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី។
ក្នុងបេសកកម្មចុះបង្ក្រាបថ្ងៃនេះ សម្រេចបានលទ្ធផល ដកហូតវត្ថុតាងនៃបទល្មើសដូចជា៖ របាំងសាច់អួនស្បៃមុង ចំនួន៣៥ខ្សែ ប្រវែង ១០៥០ម៉ែត្រ, លូសាច់ស្បៃមុងចំនួន ៣៥ម៉ាត់លូ, បង្គោលឫស្សីឃ្លៃ ចំនួន ៤៥០ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណជា ០៥គីឡូក្រាម។
ក្នុងថ្ងៃដដែលនេះដែរ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក៏បានសហការជាមួយក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទកំពង់គរ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងធំ ស្ថិតក្នុងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ហើយសម្រេចបានលទ្ធផលដូច រឹបអូស របាំងស្បៃមុងចំនួន៣ខ្សែ ប្រវែង ១៥០ម៉ែត្រ, លូស្បៃមុងចំនួន ០៣មាត់លូ, របាំងសាច់អួនក្រឡាញឹកចំនួន ១៤ខ្សែ ប្រវែង ៦៤០ម៉ែត្រ, លបសាច់អួនក្រលាញឹក ១៤គ្រឿង, បង្គោលចម្រឹងឬស្សីឃ្លៃ ៤២៥ដើម, ចាក់លែងត្រីចម្រុះចូលបឹង ៣៥គីឡូក្រាម ។
សូមបញ្ជាក់ថា វត្ថុតាងដែលដកហូតបានក្នុងថ្ងៃនេះគឺ របាំងស្បៃមុង និងរបាំងសាច់អួនដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផល ក្រចេះ ដោយឡែកលូស្បៃមុង និងលបសាច់អួនក្រឡាញឹកគឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសម្រេចបំផ្លាញចោលនៅហ្នឹងកន្លែង ៕
ដោយ៖សូរិយា