ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងជាមួយលោក សាយ សំអាល់

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានចុះហត្ថលេខាលើប្រកាសអន្តរក្រសួងជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ក្នុងនោះ ត្រូវបានបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ក្រុមការងារនេះមានតួនាទី ភារកិច្ចដូចខាងក្រោម៖

– ពិនិត្យឡើងវិញនូវលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធ្វើការកែសម្រួលអោយបានសមស្របជាមួយនឹងសភាពការណ៍វិវត្តប្រែប្រួលនៃបទល្មើស និងការចូលរួមរបស់ប្រជាពលរដ្ឋ។ 

– ពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ព្រមទាំងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ សិក្សា ពិនិត្យ និងកែសម្រួលគោលការណ៍ វិធានការ និងយន្តការនានា នៃចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ 

– ធ្វើរបាយការណ៍អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការពិនិត្យបញ្ហាខាងលើនេះជូន រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យ សម្រេច។

– បំពេញការងារផ្សេងៗទៀតតាមការចាំបាច់ និងតាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

អនុប្រធាន និងសមាជិកក្រុមការងារត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។ ក្រុមការងារអាចប្រើប្រាស់មន្ត្រីក្រោមឱវាទដើម្បីជួយបំពេញការងារ តាមការចាំបាច់។

ក្រុមការងារមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ។

សូមអាននូវខ្លឹមសារ នៃការចុះហត្ថលេខាលើប្រកាសអន្តរក្រសួងជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ទាំងស្រុង ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖