ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ត្រួតពិនិត្យ ការហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់កៀប របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនប្រើប្រាស់កាំភ្លើងធំប្រភេទអូសសណ្តោង ១២២D៣០ និង ៧៦មីលីម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញត្រួតពិនិត្យ ការហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់កៀប របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនប្រើប្រាស់កាំភ្លើងធំប្រភេទអូសសណ្តោង ១២២D៣០ និង ៧៦មីលីម៉ែត្រ នៅទីលានបាញ់គ្រាប់គៀប ទីបញ្ជាការស្រាល បញ្ជាការដ្ឋានកាំភ្លើងធំ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ត្រី ប៉ែន ខែន នាយផ្នែកហ្វឹកហ្វឺន បានរាយការណ៍ស្តីពីការបណ្តុះបណ្តាលនាយទាហាន  នាយទាហានរង ពលទាហាន ដែលបានដំណើរការបើកវគ្គតាមផែនការហ្វឹកហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ មានសិក្ខាកាមសរុប១៤០នាក់ ចែកចេញជា២០ក្រុម ហើយការប្រឡងនៅថ្ងៃនេះគឺទទួលបានលទ្ធផលល្អ។ 

ឧត្តមសេនីយ៍ឯក ពៅ សុខា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករឭកពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលជាប្រភពបន្តវេនទៅថ្ងៃអនាគត ជាពិសេសចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកម្មសិក្សាការីទាំងអស់នាពេលនេះ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការកសាងស្នារដៃជូនជាតិមាតុភូមិ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តថាវគ្គហ្វឹកហ្វឺនទាំងនេះពិតជាបានផ្ដល់នូវការយល់ដឹង និងបទពិសោធន៍ល្អៗ ដែលអាចធានាបានអំពីសមត្ថភាព ជំនាញ វិជ្ជាជីវៈរបស់យោធិនយើងបានល្អបន្ថែមទៀត ទាំងក្នុងការងារប្រយុទ្ធ និងត្រៀមប្រយុទ្ធ ដោយដើរទន្ទឹមគ្នានឹងការងារអប់រំចិត្តសាស្ត្រដល់យោធិនគ្រប់រូបឲ្យមានមនសិការវិជ្ជាជីវៈគោរពច្បាប់វិន័យកងទ័ព ជាពិសេសបំពេញភារកិច្ចតួនាទីរបស់ខ្លួនបម្រើជាតិមាតុភូមិ ដោយស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។

ឧត្តមសេនីយ៍ឯក ពៅ សុខា ក៏បានថ្លែងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលល្អ និងបានស្នើឲ្យយកចំណេះវិជ្ជាទាំងនេះទៅបម្រើការនៅតាមអង្គភាពវិញអោយមានប្រសិទ្ធភាពខ្ពស់ និងបន្តចែករំលែកចំណេះជំនាញនេះដល់យោធិនផ្សេងទៀតនៅតាមកងឯភាពរបស់ខ្លួន៕

ដោយ៖សិលា


ចែករំលែក៖