ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចស្រុកតាព្រះយ៉ា បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន១១នាក់ដែលឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ។ការចាប់ខ្លួនពលរដ្ឋខ្មែរពីសំណាក់សមត្ថកិច្ចថៃធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០នៅចំណុចឈរជើងស្ថិតតាមបន្ទាត់ព្រំដែនក្នុងស្រុកគោកឃ្យូងខេត្តស្រះកែវប្រទេសថៃ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចថៃបានឲ្យដឹងថា ស្របពេលដែលប្រទេសថៃកំពុងដាក់ក្នុងភាពអាសន្នដោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមច្រកព្រំដែននានារវាងប្រទេសកម្ពុជា-ថៃត្រូវបានបិទ ពលរដ្ឋប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់មិនឲ្យមានការឆ្លងកាត់ទៅមក។ស្របពេលដែលកំពុងរឹតបន្តឹងការរីករាលជំងឺកូវីដ-១៩នេះដែរ គេបានឃើញពលរដ្ឋខ្មែរមួយចំនួនបានលួចឆ្លងដែនតាមបន្ទាត់ព្រំដែនចូលជ្រៅទៅក្នុងភូមិ ណងឃែន ឃុំណងមួង ស្រុកគោកឃ្យូងខេត្តស្រះកែវ ដើរទិញមាន់-ទា ដូងនិងទិញម៉ូតូដើម្បីនាំឆ្លងដែនដោយខុសច្បាប់មកកម្ពុជា។
ដោយមើលឃើញដូចនេះសមត្ថកិច្ចថៃបានចាប់ឃុំខ្លួនពលរដ្ឋខ្មែរទាំងនោះសរុប១១នាក់ដោយចោទពីបទ ជាបុគ្គលបរទេសជនជាតិខ្មែរ ចូលមកនិងស្នាក់នៅក្នុងរាជាណាចក្រថៃដោយមិនបានទទួលការអនុញ្ញាត។
សមត្ថកិច្ចថៃក៏បានបញ្ជាក់ផងដែរថាក្រោយពីធ្វើការសួរនាំ ជនត្រូវចោទបានទទួលសារភាពថា ពួកគេពិតជាធ្វើខុសច្បាប់មែន ទើបសមត្ថកិច្ចឃាត់ខ្លួនត្រួតពិនិត្យសីតុណ្ហភាព និងបានបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង និងនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ពលរដ្ឋខ្មែរដែលបានឃាត់ខ្លួនទាំងអស់ រួមមាន ៖ ១-ឈ្មោះ មិត្ត ម៉ាវីន អាយុ៣០ឆ្នាំ ២-ឈ្មោះ ចាន់ ងៀម អាយុ២៥ឆ្នាំ៣-ឈ្មោះឡេង អួន អាយុ២៨ឆ្នាំ៤-ឈ្មោះ រៀន វ៉ាន់ អាយុ២៨ឆ្នាំ ៥-ឈ្មោះ គីន យ៉ា អាយុ៣០ឆ្នាំ៦-ឈ្មោះ ថន ម៉េះ អាយុ៤៥ឆ្នាំ ៧-ឈ្មោះ ឆាយ អាយុ២០ឆ្នាំ ៨-ឈ្មោះ ពៀ សេង អាយុ២៣ឆ្នាំ ៩-ឈ្មោះ សន អាយុ១៨ឆ្នាំ ១០-ឈ្មោះ គីន ម៉ៃ អាយុ១៤ឆ្នាំ និង១១-ឈ្មោះ ម៉ះ លិលី អាយុ១៣ឆ្នាំ។ក្រៅពីនោះ សមត្ថកិច្ចស្រុកតាព្រះយ៉ា នៅបានទទួលសេចក្ដីប្រកាសពីស្មៀនស្រុកគោកឃ្យូង ថានឹងមានការនាំម៉ូតូខុសច្បាប់ឆ្លងទៅប្រទេសកម្ពុជា ផងដែរដោយដឹកតាមរថយន្តប៊ិកអាប់មានឃ្លុប ហើយករណីនេះសមត្ថកិច្ចក្រុមចល័តរហ័ស ស្រុកតាប្រាយ៉ា បានសហការជាមួយអាជ្ញាធរដែនដី,នគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ,ទាហាន និងនគរបាលស្រុកគោកឃ្យូង បានស្កាត់ចាប់រថយន្តដែលជាគោលដៅមួយគ្រឿងខាងលើ ដោយអ្នកបើករថយន្តមានឈ្មោះ រាំងសាក់ ចៃម៉ាផាក់ឌី អាយុ២៩ឆ្នាំ ជនជាតិថៃ។ សមត្ថកិច្ចចាប់ខ្លួនបាននៅចំណុចស្កាត់ចាប់របស់អាជ្ញាធរភូមិ ណងយ៉ាកែវ ឃុំ គោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវដោយដកហូតវត្ថុតាងរថយន្តឯកជនម៉ាក អ៊ីស៊ុយហ្ស៊ុយ ព៌ណស ពាក់ស្លាកលេខ ถฉ-6595 ក្រុងថេប មួយគ្រឿង។ក្រោយពីធ្វើការត្រួតពិនិត្យក្នុងរថយន្ត រកឃើញម៉ូតូ ម៉ាកហុងដា adv 150ពណ៌ស-ផ្កាឈូក មិនមានពាក់ស្លាកលេខ,ម៉ូតូយីហោ ហុងដា ACF 110 ពណ៌ស-ក្រហម មិនមានពាក់ស្លាកលេខ,ម៉ូតូ ហុងដា ស្គូពី ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ 1กญ-6853ស្រះកែវ ដោយជនត្រូវចោទបានប្រាប់ថា ខ្លួនស៊ីឈ្នួលទូទៅ ដោយទទួលបានការជួលពីស្វាមី ភរិយា ខាងក្រុមដែលមានឈ្មោះថា”ខៃដាំ ឈីង”ជាក្រុមបិទមុខ មានសមាជិក១៨៣នាក់ ដោយបានណាត់ទទួលម៉ូតូនៅប៉ាន់ ណាំ ម៉ាន់ខាលថេក ក្នុងស្រុកទីរួមខេត្ត ឆះឆឺង សៅ ដោយឲ្យថ្លៃជួល១,៨០០បាត ដោយឲ្យដឹកទៅឯភូមិ ណង យ៉ាកែវ ស្រុកគោកឃ្យូង ដោយនៅពេលទៅដល់ឲ្យទាក់ទងជាមួយ ចែ វ៉ាន់ ដែលមានលេខទូរសព្ទ័084-562759 ដើម្បីបញ្ជូនម៉ូតូបន្ត តែត្រូវសមត្ថកិច្ចចាប់បានមុន ទើបសមត្ថកិច្ចចោទពីបទ ព្យាយាមនាំឬដឹករបស់ដែលនៅមិនទាន់បានបង់ពន្ធ ឬរបស់ត្រូវហាម ឬមិនទាន់បានឆ្លងកាត់និតិវិធីរបស់គយ ចេញក្រៅព្រះរាជាណាចក្រថៃ ដោយជនត្រូវចោទបានសារភាពថា ខ្លួនបានធ្វើខុសពិតមែន ទើបបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់៕
ដោយ៖វណ្ណា