ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋទាំងសភាពអាក្រាតកាយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរមកអង្គុយហូបមីមួយកំប៉ុង នៅម្ដុំមុខផ្ទះរបស់គេដែលគ្មានមនុស្សនៅដែលចាក់សោទ្វារពីខាងមុខ ស្រាប់តែមួយសន្ទុះក្រោយមកបុរសរូបនោះក៏បានប្រកាច់ ហើយដេកស្លាប់មួយរំពេចទាំងអាក្រាតកាយ ទើបពួកគាត់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យ ឱ្យចុះមកត្រួតពិនិត្យមើល ទើបដឹងថាបុរសដែលបានស្លាប់នោះ គឺជាជនអនាថា គ្មានអ្នកណាម្នាក់ ស្គាល់អត្ដសញ្ញាណច្បាស់លាស់នោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញខាងកោសលវិច័យ របស់ក្រសួងមហាផ្ទៃ បានធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សាកសព ឲ្យទៅរថយន្តសាមុយដឹកយកទៅរក្សាទុកនៅវត្តឬស្សីសាញ់ រង់ចាំស្វែងរកសាច់ញាតិរួចបូជាទៅតាមប្រពៃណី៕ជ្រោយពេជ្រ