ព័ត៌មានទាន់ហេតុការណ៍៖

ផឹកទឹកប្ដូរនិស្ស័យប៉ះចំអាកាចដេញកាប់ប្រពន្ធមិនបានដុតផ្ទះចោល នគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ឋាប់ពីផឹកទឹកប្ដូរនិស្ស័យរួចប្រើអំពើហិង្សាលើប្រពន្ធត្រូវនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក យ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុក បានឲ្យដឹងថា តាមបណ្តឹងពីជនរងគ្រោះ ត្រូវជាប្រពន្ធឈ្មោះព្រឹម បួត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុកថា មានឈ្មោះវ៉ាន វ៉ោន ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាប្ដីរបស់គាត់ មកពីដើរផឹកស្រាស្រវឹងហើយបង្កអុកឡុករករឿងក្នុងគ្រួសារ និងឈ្លោះប្រកែកគ្នាជាមួយគាត់រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តីកំណាច បានទាញកាំបិតខ្វែវដេញកាប់តែគាត់រត់គេចផុត ។ ដោយមិនអស់ចិត្តប្តីចិត្តអប្រីយ៍រូបនេះ បានវាយបំបែកពាងទឹក វាយចាន ឆ្នាំង និងដុតផ្ទះបាយបណ្តាឲ្យឆេះ អស់៨០% និងឆេះរបស់របរនៅក្នុងផ្ទះបាយមានខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសម្ភារជាច្រើន។  ម្យ៉ាងវិញទៀតប្តីប្រមឹកនេះ គឺ ផឹកស្រាស្រវឹងជាប្រចាំ ហើយប្រចណ្ឌគាត់(ប្រពន្ធ) ។  ជនរងគ្រោះថា ពេលគាត់(ប្រពន្ធ)ទៅដើររើសគួស្រូវយកមកបុកអង្ករដាំបាយហូបបែរចោទថាគាត់មានប្រុសឈ្មោល។
លោកអធិការបានបញ្ជាក់ថា ក្រោយពេលទទួលបានបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ប៉ោយចារ បានចុះបង្រ្កាប ធ្វើការនាំខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថាខ្លួនពិតជាបានដេញកាប់ប្រពន្ធ និងដុតផ្ទះបាយចោលមែន ។
ដោយផ្អែកលើចម្លើយសារភាពនិងបណ្តឹង ព្រមទាំងសំណូមពរ ជនរងគ្រោះជាប្រពន្ធ សុំអោយសមត្ថកិច្ចចាត់ការប្តីតាមវិធានការច្បាប់នោះ ជនបង្កឈ្មោះវ៉ាន វ៉ោន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត៕ដោយ៖វណ្ណា


ចែករំលែក៖