ក្រុមខ្លាំងៗនៅលីគកំពូលអង់គ្លេសទាំង៣ដែលប្រកួតក្នុងវគ្គជម្រុះតាមពូល បានឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Europa League នៅរដូវកាលនេះ ក្រោយពីក្រុមទាំងនោះបានយកឈ្នះគូប្រកួតរៀងៗខ្លួន ឡើងឈរលេខ១ក្នុងពូល។ នេះបើយោងតាមការចេញផ្សាយរបស់ soccerway, livescore និង BBC Sport នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ។
ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមមកពីអៀរឡង់ Dundalk ដល់ក្នុងផ្ទះក្នុងលទ្ធផល ៤ទល់២ ឡើងឈរលេខ១ពូលB ។ ៤គ្រាប់របស់ក្រុមកាភ្លើងធំរកបានដោយកីឡាករ Nketiah, Mohamed Elneny, Willock, Balogun ខណៈដែលក្រុមម្ចាស់ផ្ទះ Dundalk រកបាន២គ្រាប់ដោយកីឡាករ Flores និងកីឡាករ Hoare ដែលបរាជ័យនេះធ្វើឲ្យក្រុម Dundalk មិនមានកៅអីទៅលេងវគ្គ៣២ក្រុមចុងក្រោយនោះទេ។
ចំណែកក្រុមចចកកំណាច Leicester City បានយកឈ្នះក្រុមភ្ញៀវមកពីក្រិច AEK Athens ក្នុងលទ្ធផល២ទល់០ ដែលធ្វើឲ្យក្រុមខ្លាំងនៅអង់គ្លេសមួយនេះឈរលេខ១ក្នុងពូលG ខណៈដែលក្រុម AEK Athensបាត់បង់ឱកាសឡើងទៅវគ្គ៣២ក្រុមចុងក្រោយហើយ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Leicester City រកបានដោយកីឡាករ Ünder នៅនាទីទី១២ និងកីឡាករ Barnes នៅនាទីទី១៤។
ដោយឡែកក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham បានយកឈ្នះក្រុមភ្ញៀវមកពីបែលហ្ស៊ិក Antwerp ក្នុងលទ្ធផល២ទល់០ដែរ។ ក្រុមមាន់ខ្នាយមាស Tottanham បានឡើងឈរលេខ១ក្នុងពូលJ ដោយបានកក់កៅអីទៅវគ្គ៣២ក្រុមរួចជាស្រេចក្រោយពីយកឈ្នះក្រុមនេះកាលពីយប់មិញ ដែល២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Tottanham រកបានដោយកីឡាករ Carlos Vinícius នៅនាទីទី៥៧ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lo Celso នៅនាទីទី៧១ ក្នុងតង់ទី២។
លទ្ធផលខាងលើនេះធ្វើឲ្យមានក្រុមរហូតដល់ទៅ៤ បានឡើងទៅប្រកួតវគ្គ៣២ក្រុមចុងក្រោយនៃពានរង្វាន់ Europa League នៅរដូវកាលនេះ ដោយមានក្រុមបិសាចក្រហម Manchester United ក៏បានទៅលេងក្នុងក្របខ័ណ្ឌនេះដែរ ក្រោយពីធ្លាក់ពី Champions League វគ្គជម្រុះតាមពូល ៕ដោយ៖ភារៈ