ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ នគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយបាញ់ប្រហារដន្លងរបស់ខ្លួនឱ្យធ្លាយពោះព្រោះស្នេហាត្រីកោណ នៅវេលាម៉ោងជាង៣រសៀល នាថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា , ជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ (ពោះម៉ាយ) ចំណែកជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ផាន់ សុខុន អាយុ៤៩ឆ្នាំ រស់នៅចំណុចផ្សារចាស់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កមានមុខរបរជាគ្រូហ្វឹកហ្វឺនផ្នែកទាហាន ដោយមានកាំភ្លើងជាប់ក្នុងដៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធអស់រយៈពេលជាង១ម៉ោង និងប្រើវិធានលួងលោមឱ្យជនបង្កសារភាព សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកទៅធ្វើការសាកសួរតាមនីតិវិធី។
បើតាមការបង្ហើបពីអ្នកជិតខាង បានឱ្យដឹងថា ករណីបាញ់ដន្លង និងដន្លងនេះកើតមកពីភ្លើងប្រចណ្ឌដោយជនរងគ្រោះស្រឡាញ់ប្រពន្ធដន្លងជាជនសង្ស័យ។
សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានធ្វើឡោមព័ទ្ធផ្ទះជនសង្ស័យ រហូតដល់ម៉ោង៥៖២០នាទីថ្ងៃដដែល ដោយឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានអាវុធខ្លី១ដើម ម៉ាកK៥៤។ ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការបន្ត។
ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅកន្លែងកើតហេតុ បានកោតសរសើរ ចំពោះកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានធ្វើការឡោមព័ទ្ធ ជនសង្ស័យឈានដល់ការឃាត់ខ្លួន ដោយសន្តិវិធី និងមិនមានការផ្ទុះអាវុធ ណាមួយមកលើសមត្ថកិច្ច ប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាព ទាំងជនបង្ក និងប្រជាពលរដ្ឋដែលមានលំនៅឋានទីនោះ៕
ដោយ៖ សិលា