ព័ត៌មានទាន់ហេតុការណ៍៖

ផ្ដើមចេញពីចិញ្ចឹមមាន់១០ក្បាល បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមានសមាជិកសរុបចំនួន ៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ០៨លាន – ១០ លានរៀល/ខែ

ចែករំលែក៖

ខេត្តតាកែវ៖  លោក វេងសា ខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ លើកឡើងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ចេះអភិវឌ្ឍ ក្នុងមុខរបរ ពីរបន្តិចបន្តួច ក្លាយទៅជាអ្នកមានចំណូលខ្ពស់ សម្រាប់ជាមធ្យោបាយដោះស្រាយក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃ។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ, ថាផ្តើមចេញពីមេមាន់ ១០ក្បាល ប៉ុន្តែដោយសារមានគោលដៅពិតប្រាកដ បូកឆន្ទ: ការតស៊ូអំណត់ ព្យាយាម និងមានការជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើឲ្យបងស្រី កន ភារម្យ អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមានសមាជិកសរុបចំនួន ៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ៨ ០០០ ០០០-១០ ០០០ ០០០រៀល/ខែ។ 

យោងតាមរបាយការណ៍ពិស្តារមួយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថាបងស្រី ភារម្យ បានប្រកាន់យករបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១៦ ដោយផ្តើមចេញពីមេមាន់ ១០ក្បាលប៉ុណ្ណោះ។ កាលនោះ ដោយសារចំណេះជំនាញបច្ចេកទេស និងបទពិសោធន៍របស់បងស្រីនៅមានកម្រិត ធ្វើឲ្យចំណូលដែលទទួលបានពីមុខរបរនេះមាន កម្រិតទាបត្រឹមតែ ៤០០ ០០០រៀល/ខែ ស្ទើរតែមិនអាចទ្រទ្រង់ជីវភាពបាន ដោយសារក្នុងបន្ទុកគ្រួសារបងស្រីមានកូន ៣នាក់ ដែលកំពុងសិក្សារៀនសូត្រ និងស្វាមី។ ដោយសារបងស្រីមានគោលដៅច្បាស់លាស់ ឆន្ទ:មោះមុត និងការតស៊ូ អំណត់ព្យាយាម ជាពិសេសមានការជួយ ឧបត្ថម្ភ គាំទ្រ និងលើកទឹកចិត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅឆ្នាំ២០១៧    មន្ទីរបានជ្រើសរើសបងស្រីជាអ្នកទទួលផលពីគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (2KR)”។ ពិតណាស់ វាជាឱកាសដ៏ល្អសម្រាប់បងស្រីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ព្រមជាមួយគ្នានេះ បងស្រីទទួលបានទ្រុងចិញ្ចឹមមាន់ ១ (៤មx១២ម) និងទូភ្ញាស់កូនមាន់ ១មានចំណុះ ៥២៨គ្រាប់ផងដែរ។ ជាជំហានៗ កំណើនផលិតកម្មភ្ញាស់កូនមាន់កាន់រីកលូតលាស់ធំធាត់ជាបណ្តើរៗ ដោយក្នុង ១ខែបងស្រីអាចភ្ញាស់កូនមាន់បាន ៦០០ក្បាល ហើយអាចទទួលបានចំណូលចំនួន ១ ៦០០ ០០០រៀល/ខែ។ 

ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារសេចក្តីត្រូវការកូនមាន់ស្រែរបស់អតិថិជនទាំងទីជិត និងទីឆ្ងាយចេះតែកើនឡើងជាលំដាប់ គាប់ជួនកម្មវិធីស្តីពី “ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានចូលដល់ផ្ទះបងស្រីនៅឆ្នាំ២០១៩។ កម្មវិធីនេះ បានជួយរៀបចំចងក្រងបណ្តុំអាជីវកម្មចិញ្ចឹមមាន់មានសមាជិកសរុប ៧០គ្រួសារ ហើយបង ស្រីត្រូវបានជ្រើសរើសជាប្រធាន។ សមាជិកគ្រប់រូបទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ផ្តល់សម្ភារៈគាំទ្រ ហើយកម្មវិធីក៏បានជួយទំនាក់ទំនងរកទីផ្សារលក់កូនមាន់ផងដែរ។ ឈានចូលដល់ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយសម្របសម្រួលជាមួយសមាជិក ៦៣នាក់ ដើម្បីចុះកិច្ចសន្យាទិញ-លក់ស៊ុតមាន់ជូនបងស្រី។ បច្ចុប្បន្ន បណ្តុំអាជីវកម្មទាំងមូលអាចផលិតស៊ុតមាន់បានចំនួន ៧០ ០០០គ្រាប់/ខែ (ស៊ុត ១គ្រាប់តម្លៃ ១ ៣០០រៀល) ហើយអាចភ្ញាស់កូនមាន់បានប្រមាណ ៦០ ០០០កូន/ខែ (កូនមាន់ ១ក្បាល/៣៥០០-៤០០០រៀល) ហើយសមាជិកម្នាក់ៗអាចរកចំណូលបាន ១ ៣០០ ០០០រៀល/ខែ។ ដោយឡែក សម្រាប់គ្រួសារបងស្រីផ្ទាល់ បច្ចុប្បន្នមានទូភ្ញាស់កូនមាន់ចំនួន ១៦គ្រឿង មានសមត្ថភាពភ្ញាស់បានប្រមាណ ៣០ ០០០ គ្រាប់ និងជាមធ្យមអាចទទួលបានកូនមាន់ប្រមាណ ២០ ០០០- ២៥ ០០០ក្បាល/ខែ ហើយក្នុង ១ខែគ្រួសារបងស្រីអាចរកចំណូលបានពី ៨ ០០០ ០០០-១០ ០០០ ០០០រៀល ពីការលក់កូនមាន់ និងទូរភ្ញាស់។  

ដើម្បីឆក់យកឱកាសមាស ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ បងស្រី រួមជាមួយសមាជិកទាំងអស់នឹងពង្រីកអាជីវកម្មចិញ្ចឹមមាន់សាច់បន្ថែមទៀត ដើម្បីបង្កើនបរិមាណមាន់សាច់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបាននិរន្តរភាពនៃការផលិតស៊ុតមាន់ និងភ្ញាស់កូនមាន់លក់ ធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូល ចូលរួមលើកកម្ពស់កម្រិតជីវភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម និងឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០៕

ដោយ៖ សិលា


ចែករំលែក៖