ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់និងតក់ស្លុតបំផុតរវាង ម៉ូតូនិងម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកបុរសម្នាក់ទៀតដែលបង្កហេតុបានរត់គេចខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ ពៅ សូនី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងខណៈជិះម៉ូតូម៉ាកហុងដាស្កូពី ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ១CC-៨៣៦០។
ចំណែកអ្នកបើកម៉ូតូបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីឃើញស្ថានភាពមិនស្រួលបានរត់គេចខ្លួនភ្លាមៗ បន្សល់តែម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១N-៣២៤២ ខូចខាតទាំងស្រុង។
បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាក្នុងទិសខាងកើតទៅលិច ដោយប្រើប្រាស់ល្បឿនលឿន ហើយមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកប៉ះ និង ម៉ូតូ ស្កូពី ព៌ណស១គ្រឿង ដែលកំពុងធ្វើដំណើរពីទិសខាងលិចទៅកើតបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖យឹម សុថាន