ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងសប្តាហ៍ទី១២ បានបញ្ចប់ហើយ ដោយក្រុមខ្លាំងៗមួយចំនួនបានត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ និងក្រុមដែលធ្លាប់តែខ្លាំង បែរជាបរាជ័យក្នុងទឹកដីរបស់ខ្លួន។ ក្នុងនោះក្រុមហង្សក្រហម Liverpool និងក្រុមមាន់ខ្នាយមាស Tottanham ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ។
ការប្រកួតរវាងក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ជាមួយក្រុមភ្ញៀវ Burnleyកាលពីយប់មិញបានបង្កឲ្យមានការខកចិត្តសម្រាប់អ្នកគាំទ្រក្រុមកាំភ្លើងធំ ដោយបានទទួលបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ១ទល់០។ ១គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ Burnley គឺជាកាភ្លាត់ស្នៀតតែតចូលទីខ្លួនឯងពីខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang នៅនាទីទី៧៣។
ការប្រកួតនេះក៏មានការប៉ះទង្គិចគ្នាមួយប៉្រាវរវាងកីឡាករ Xhaka របស់ក្រុមកាំភ្លើងធំ និងកីឡាកររបស់ក្រុម Burnley ដែលធ្វើឲ្យអាជ្ញាកណ្តាលពិន័យកាតក្រហមទៅលើកីឡាករ Xhaka នៅនាទីទី៥៨។ ចប់ការប្រកួតក្រុម Burnley ទទួលជ័យជម្នះធ្វើឲ្យក្រុមនេះបាន៣ពិន្ទុឈរលេខ១៧ ខណៈដែលក្រុមកាំភ្លើងធំ Arsenal ធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៥មានតែ១៣ពិន្ទុប៉ុណ្ណោះ។
ចំណែកក្រុមខ្លាំងៗ២គឺក្រុមហង្សក្រហម Liverpool និងក្រុមមាន់ខ្នាយមាស Tottanham ទទួលបានលទ្ធផលស្មើគ្នាទាំងអស់ ដោយក្រុមហង្សក្រហមបានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះFulham ។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Fulham រកបានដោយកីឡាករ De Cordova-Reid តាំងពីនាទីទី២៥ក្នុងតង់ទី១ ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវ Liverpool រកបានដោយកីឡាករ Mohamed Salah នៅនាទីទី៧៩ ដោយស៊ុតបាល់ពិន័យ១១ម៉ែត្រ។
លទ្ធផលនេះធ្វើឲ្យក្រុម Fulham បាន១ពិន្ទុឈរលេខ១៨ក្នុងលីគកំពូលអង់គ្លេសស្ថិតក្នុងតំបន់កាត់ចោល ខណៈដែលក្រុម Liverpool បន្តឈរលេខ២បណ្តោះអាសន្នដដែលមាន២៥ពិន្ទុ សម្រាប់សប្តាហ៍ទី១២នេះ។
ដោយឡែកក្រុមមាន់ខ្នាយមាស Tottanham បានប្រកួតស្មើ ១ទល់១ដែរជាមួយក្រុមម្ចាស់ផ្ទះ Crystal Palace ដែលមួយគ្រាប់របស់ Tottanhamរកបានដោយកីឡាករ Herry Kane នៅនាទីទី២៣ និង១គ្រាប់របស់ក្រុម Crystal Palace រកបានដោយកីឡាករ Schlupp នៅនាទីទី៨១។ លទ្ធផលនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottanham បន្តឈរកំពូលតារាងមាន២៥ពិន្ទុ ខណៈដែលក្រុម Crystal Palace ឈរលេខ១១មាន១៧ពិន្ទុ។
សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០បន្តទៀត ៕
ដោយ៖ភារៈ