ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain កីឡាករ Neymar បានរងរបួសកជើងធ្ងន់ធ្ងរអំឡុងពេលក្រុមរបស់គេប្រកួតចាញ់ក្រុម Lyon ក្នុងការប្រកួតលីគកំពូលបារាំងកាលពីរាត្រីថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះអាចខកខានការបង្ហាញខ្លួនរយៈពេលយូរ ដើម្បីព្យាបាលរបួសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News នៅព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស្រែកថ្ងូរ និងយកដៃអង្វែលកជើងខ្លួនឯងក្រោយពីរងរបួសក្នុងពេលប៉ះទង្គិចគ្នាជាមួយកីឡាករ Lyon។ជាមួយគ្នានោះជិតចប់ការប្រកួតទៅហើយកីឡាករ Thiago Mendes របស់ក្រុម PSG ត្រូវអាជ្ញាកណ្តាលបណ្តេញចេញដោយសារការប៉ះគ្នាជាមួយកីឡាករ Lyon ។
ក្រុម PSG បានប្រកួតចាញ់ក្រុម Lyon ក្នុងលទ្ធផល ១ទល់០ កាលពីយប់មិញ ធ្វើឲ្យក្រុមនេះធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣នៅលីគកំពូលបារាំង។ ១គ្រាប់របស់ក្រុមភ្ញៀវ Lyon រកបានដោយកីឡាករ TinoKadewere នៅនាទីទី៣៥ ដែលធ្វើឲ្យក្រុម Lyon ឡើងទៅឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន។
គ្រូបង្វឹកក្រុម PSG លោក Thomas Tuchel បាននិយាយថា Neymarនឹងត្រូវធ្វើតេស្តដើម្បីបញ្ជាក់ថាតើរបួសនោះធ្ងន់ធ្ងរប៉ុណ្ណា។ លោកបានប្រាប់ទូរទស្សន៍បារាំង Telefoot ថា “គាត់នៅមិនទាន់ច្បាស់នៅឡើយទេដោយគ្រូពេទ្យរង់ចាំធ្វើតេស្ត និងថតកជើងគាត់ដើម្បីដឹងច្បាស់ពីអាការៈនិងរយៈពេលព្យាបាល” ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Neymar មានវ័យ២៨ ឆ្នាំបានចូលរួមជាមួយ PSG ក្នុងតម្លៃកំណត់ត្រាពិភពលោក២២២លានអឺរ៉ូ (២០០ លានផោន) ពីក្លិប Barcelona កាលពីខែសីហា ឆ្នាំ២០១៧។ កីឡាកររូបនេះបានជួយឱ្យក្លិបឈ្នះពានរង្វាន់លីគកំពូលចំនួន៣ដងជាប់ៗគ្នាក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។ PSG បានត្រៀមជាស្រេចនៅពេលការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ធ្វើឡើងនៅថ្ងៃចន្ទនេះ ៕
ដោយ៖ភារៈ