ខេត្តកំពង់ស្ពឺ ៖ សម័យនេះ មិនមែនដល់ថ្នាក់គេចាក់អង្ករយកអង្កាមទៀតទេ អ្វីៗអាប់ដែតហើយ សំខាន់សម្លឹងរកផលប្រយោជន៍ ក្នុងតំណែងរបស់ខ្លួនគ្រប់គ្រង តាមជំនាញរៀងៗខ្លួន។ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ នគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីលេចឮព័ត៌មានថា ដីមួយចំនួនរបស់ស្នងការដ្ឋានខេត្ត បានកាត់លក់ទៅឱ្យក្រុមហ៊ុនឯកជន(ក្រុមហ៊ុនផលិតទឹកស្អាត) ដែលមានតម្លៃយ៉ាងកប់ពពកឯណោះ។
ក្រុមមន្ត្រីបានលើកឡើងថា ដីដែលស្នងការខេត្តកាត់លក់ឲ្យក្រុមហ៊ុនឯកជន គេនឹងត្រៀមរៀបចំពុះឋចាឡូតិ៍លក់ ដែលមានតម្លៃខ្ពស់ យ៉ាងតិចក៏ក្នុងមួយឡូតិ៍តម្លៃជិត១០ ម៉ឺនដុល្លារដែរ ព្រោះជាដីដែលមានហាងឆេងហើយនៅចំកណ្ដាលក្រុង។ ចំពោះដីដែលកាត់នោះ អាចនឹងពុះជាឡូតិ៍លក់បាន១០០ឡូតិ៍ឯណោះ។
ចំពោះទីតាំងស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺថ្មី ក៏បានធ្វើរួចរាល់ទៅហើយ នៅតែថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ប៉ុណ្ណោះ។ បើគិតពីការសាងសង់ អាគារស្នងការថ្មីនេះ អាចនឹងអស់ទឹកប្រាក់តម្លៃជាង១០ ម៉ឺនដុល្លារ។ ប៉ុន្តែបើប្រៀបធៀបនឹងដីស្នងការដ្ឋាន ដែលបានកាត់លក់នោះ គឺមានតម្លៃច្រើនលើសនេះ ដ៏លើសលប់។ ដូច្នេះគេកំពុងមានចម្ងល់ថា ការលក់និងដូរទីតាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរៀបចំដោយនីតិវិធីបែបណា ទើបបានសម្រេច ខ្លាចទៅជាការអភិវឌ្ឍន៍ ចាក់អង្ករយកអង្កាមទៅវិញ,? ពិសេសលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលជិតចូលនិវត្តន៍នេះ អាចនឹងមានយីអ៊ុនចុងក្រោយ សម្រាប់ទាញយកផលប្រយោជន៍ពីការលក់និងការកាត់ដីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនេះក៏អាចថាបាន ប៉ុន្តែគេគិតថា អាច មានភ្លើងខៀវពីថ្នាក់លើដែរ ទើប លោកស្នងការគាត់ហ៊ាន ជិះសេះលេងដៃ ដើម្បីប្រយោជន៍ផងនោះ។
ពាក់ព័ន្ធនឹងករណីខាងលើ ដែលមានការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ នគរបាលក្នុងអង្គភាពនេះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការបំភ្លឺណាមួយ ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
សូមរំលឹកផងដែរថា លោក សម សាមួន កន្លងទៅលេចឮថាត្រូវបានចូលនិវត្តន៍យូរហើយ។ នេះបើតាមការលើកឡើងពីមន្ត្រីនគរបាលខ្លះ ប៉ុន្តែបែរជាគាត់បានបន្តនៅកាន់ជាស្នងការនោះបន្ថែមដល់បច្ចុប្បន្ន។
លោក វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជុំវិញការលក់និងដូរទីតាំងដីស្នងការនេះ ជាមួយអង្គភាព “នគរដ្រេហ្គន” លោកមិនបានធ្វើអត្ថាធិប្បាយបកស្រាយនោះទេ។ លោកអភិបាលខេត្តគ្រាន់តែថ្លែងថា, “រឿងហ្នឹងខ្ញុំអត់ដឹងដែរ “! ។ ប៉ុន្តែចំពោះសំណួរដែលសួរថា , បើមានករណីដោះដូរទីតាំង លក់ ផ្ទេរ ចាំបាច់ត្រូវតែឆ្លងកាត់អភិបាលខេត្ត ដែលជាអាជ្ញាធរដែនដី,? ចំណុចនេះ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា” សួរខាងនគរបាលខេត្តហ្នឹងទៅដឹងហើយ” ,..លោកមានប្រសាសន៍បន្តយ៉ាងខ្លីថា” ខ្ញុំមិនដឹង មិនបកស្រាយអីទេ”៕
ដោយ៖សុខ ខេមរា