ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការចែកចាយវ៉ាក់សាំង ទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក

ចែករំលែក៖

រថយន្តធុនធំដឹកវ៉ាក់សាំង​បានចាប់ផ្តើមវិលគង់ហើយ ដោយនាំវ៉ាក់សាំង ជាច្រើនទៅកាន់បណ្តារដ្ឋនានានៅអាមេរិក ដើម្បីបញ្ចប់ការឆ្លងរាលដាលកូវីដ​-១៩​ នាំមកជីវភាពរស់នៅល្អប្រសើរឡើងវិញ។

វ៉ាក់សាំង ដំបូង​ផលិតដោយក្រុមហ៊ុន Pfizer/BioNTech នៅរដ្ឋ​Michigan ត្រូវបានដឹកទៅបណ្តារដ្ឋ ដើម្បីទប់ស្កាត់ ជំងឺដ៏កាចសហាវ សម្លាប់ពលរដ្ឋអាមេរិកប្រមាណ​២៤០០នាក់ ក្នុងមួយថ្ងៃៗ
តាមគម្រោងវ៉ាក់សាំង​៣លានដូស សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យនៅជួរមុខ​។ វ៉ាក់សាំង ត្រូវបាន រក្សានៅក្នុងប្រអប់ដែលមានទឹកកកស្ងួត ត្រជាក់ក្រោម សូន្យ អង្សាសេ។ ក្នុងមនុស្សម្នាក់គឺត្រូវចាក់ពីរម្ជុល​​ ដែលមានគម្លាតពីគ្នាជាង ២០ថ្ងៃ។
មន្ត្រីគ្រប់គ្រងការចែកចាយវ៉ាក់សាំង​បានឲ្យដឹងថា នៅថ្ងៃទី ១៤ខែធ្នូ វ៉ាក់សាំង ​នឹងចែកចាយ ទៅកាន់គោលដៅ​១៤៥កន្លែង ហើយនៅថ្ងៃទី​១៥ នឹងបន្តចែកចាយ​៤២៥កន្លែងទៀត​។ នៅថ្ងៃទី​១៦ខែធ្នូ នឹងបន្តចែកចាយ​​​៦៦កន្លែងចុងក្រោយ។​ ការចែកចាយវ៉ាក់សាំងគឺពឹងផ្អែកទៅលើ ចំនួនពលរដ្ឋ​នៅក្នុងរដ្ឋនីមួយៗ។
វេជ្ជបណ្ឌិតMoncef Slaoui ទីប្រឹក្សា យុទ្ធនាការបន្ទាន់​(Warp Speed) បានឲ្យឹងថា នឹងមានពលរដ្ឋ១០០លាននាក់ ស្មើ​៣០ ភាគរយ​នៃពលរដ្ឋទូទាំងប្រទេស ​ទទួលបានវ៉ាក់សាំង ​កូវីដ-​១៩ គិតដល់ខែមីនាឆ្នាំ​២០២១ ។ ចំណែកដំណាក់កាលដំបូង​ឆ្នាំ​២០២០ និងមានពលរដ្ឋ​៤០លាននាក់ទទួលបានវ៉ាក់សាំង​៕ ធី រីណា

រូបថត៖Reuters

 


ចែករំលែក៖