នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី១៤ខែធ្នូបានប្រកាសថា ប្រទេសរបស់លោកស្រីបានត្រៀមលក្ខណៈបើកព្រំដែនជាមួយ អូស្ត្រាលីជាថ្មីនៅដើមខែមករាឆ្នាំ២០២១។ ពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃនោះឡើយ។
ការបើកព្រំដែនលើកនេះ ដោយសង្ឃឹមថានឹងមិនបិទ ជាថ្មីឡើងវិញនោះឡើយដោយសារតែ មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយ។ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ មិនបានបញ្ជាក់ថា នឹងត្រូវបើកនៅពេលណាច្បាស់នោះឡើយ គ្រាន់តែបញ្ជាក់ថា នឹងបើកនៅដើមខែមករាឆ្នាំ២០២១។ ប្រទេសទាំងពីរ ក្នុងរយៈពេល២៨ថ្ងៃ មិនមានករណីឆ្លងថ្មីណាមួយក្នុងសហគមន៍នោះឡើយ។
លោកស្រីJacinda Ardern បានបន្តទៀតថា គម្រោងបើកព្រំដែននឹងត្រូវធានាថាមិនមានករណីឆ្លងថ្មី នោះឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសទាំងពីរ ក៏បានត្រៀមលក្ខណៈហោះហើរជាថ្មីផងដែរ។
រដ្ឋមន្ត្រីទទួលបន្ទុកទប់ស្កាត់កូវីដ-១៩ របស់នូវែលហ្សេឡង់លោកChris Hipkins បានឲ្យដឹងថា លោកនឹងទៅកាន់អាកាសយានដ្ឋានអន្តរជាតិAuckland នៅថ្ងៃទី១៥ខែធ្នូ ដើម្បីត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង មុនពេលដំណើរការហោះហើរអន្តរជាតិឡើងវិញ។
ក្នុងពេលជាមួយគ្នានោះដែរ អូស្ត្រាលី ក៏បានបញ្ចប់ច្បាប់ទប់ស្កាត់កូវីដ-១៩ នៅក្នុងរដ្ឋ New South Wales នៅថ្ងៃទី ១៤ខែធ្នូ ហើយនៅដើមឆ្នាំ២០២១ បណ្តាក្រុមហ៊ុននឹងដំណើរការធម្មតាវិញ៕ ដោយ៖ធី រីណា
រូបថត៖TTXVN