ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចុះបង្ក្រាបទីតាំងហ្គេម ឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣២៦ ផ្ទះលេខ ២០ ក្រុម៣៣ ភូមិ៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះដោយមានការចង្អុលបង្ហាញពីលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅជិតផ្សារនាគមាស ដែលជាកន្លែងប្រមូលផ្តុំដោយក្រុមយុវជន យុវនារីចូលលេងភ្លេចផ្ទះ ភ្លេចសាលារៀន វក់ងប់នឹងល្បែងសុីសង ដែលបង្កឲ្យមានករណីចោរឆក់ចោរប្លន់ នឹងមានបងតូច បងធំជាដើម ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះមានការភ័យខ្លាច។

ដោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌទួលគោកបានចុះបង្ក្រាបជាក់ស្តែងហើយក្នុងរង្វង់ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យដែលជាអ្នកញៀនល្បែងចំនួន១២នាក់ក្នុងនោះមានប្រុស ១០នាក់ ស្រី២នាក់ និងដកហូតវត្ថុតាំងមួយចំនួនរួមមាន៖

-ទូហ្គេមបាញ់ត្រីចំនួន៤គ្រឿង

-ទូហ្គេមបៀចំនួន៥គ្រឿង

-កុំព្យូរទ័រចំនួន៤គ្រឿង និងសម្ភារមួយចំនួនទៀត។

ក្រោយពីប្រតិបត្តិការចប់ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមទាំងនាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកផ្ទះនៅទីតាំងខាងលើសមត្ថកិច្ចបានធ្វើការប្លុមបេបិទជាបណ្ដោះអាសន្ន៕ដោយ៖និនសុភ័ស្ត


ចែករំលែក៖