ភ្នំពេញ៖នៅថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានធ្វើការកោះហៅ WCS មកចូលរួមប្រជុំតាមរយៈ Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំដើមត្នោត។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្វើការផ្តល់កិច្ចសន្យាដោយផ្ទាល់ទៅឲ្យ WCS តាមរយៈកិច្ចសន្យា ADB IAIP CS04 ដើម្បីឲ្យអង្គភាពឯករាជ្យមួយនេះ ដឹកនាំធ្វើការអភិរក្សសត្វកម្រជិតផុតពូជ សត្វក្សឹប និងជម្រុញឃឿនផលិតកម្មដំណាំស្រូវក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត។
តែមួយរយៈកន្លងមកនេះ WCS មានការយឺតយ៉ាវជាទីបំផុតដោយមិនបានបំពេញតាមនីតិវិធីហិរញ្ញវត្ថុជាធរមានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ដោយមូលហេតុទាំងនេះហើយ ទើបលោកអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ធ្វើការណែនាំជាកំហិតឲ្យ WCS ធ្វើការបំពេញតាមបែបបទរបស់ក្រសួង MEF ជាធរមានឲ្យបានឆាប់បំផុតដោយមិនឲ្យលើសពីថ្ងៃស្អែកត្រូវបញ្ចប់ឲ្យអស់ ដើម្បីឲ្យក្រសួងធនធានទឹក និងឧតុនិយម បន្តនីតិវិធីលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងខេត្តកំពង់ធំ ឲ្យបានឆាប់នាខណៈខាងមុខនេះ។
អញ្ជើញចូលរួមនាពេលនោះ មានដូចតទៅ ៖
ក- អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួង MEF តំណាងជាន់ខ្ពស់របស់ក្រសួង MEF
ខ- លោក លោកស្រី និងអ្នកនាងកញ្ញាពាក់ព័ន្ធជាច្រើនរូបពី ADB តំណាងជាន់ខ្ពស់របស់ ADB
គ- សហការីទាំងអស់ដែលអញ្ជើញមកពីអង្គភាពនានាចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម
ឃ- តំណាង និងក្រុមទីប្រឹក្សា ADBប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម
ង- លោក លោកស្រី និងនាងកញ្ញា តំណាងឲ្យ WCS ៕
ដោយ៖សិលា