អន្តរជាតិ៖ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសអាហ្វ្រិកភាគខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះថានាយករដ្ឋមន្ត្រីរាជាណាចក្រអ៊ីស្វាទីនី លោក Ambrose Dlamini បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយ នៅអាហ្វ្រ៊ិកខាងត្បូង បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ នៅពាក់កណ្តាលខែវិច្ឆិកា។
ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអ៊ីស្វាទីនី លោកThemba Masuku បានបញ្ជាក់ថា៖«ព្រះមហាក្សត្រ បានចេញព្រះរាជបញ្ជាឲ្យខ្ញុំប្រាប់ប្រជាជាតិ អំពីរឿងទុក្ខសោក និងមរណភាពរបស់លោកAmbrose Mandvulo Dlamini»។
ដោយឡែកបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រ៊ិកខាងត្បូង ក្នុងវ័យ ៥២ឆ្នាំ បន្ទាប់ពីឆ្លងកូវីដ-១៩។ រដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានអ្វីបន្ថែមទៀតឡើយ។
សូមជម្រាបថា លោកនាយករដ្ឋមន្ត្រី កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅត្រូវបានរាយការណ៍ថា បានឆ្លងកូវីដ-១៩ និងមិនមានរោគសញ្ញាអ្វីឡើយ។ហើយលោក Dlamini បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសនៅក្នុងតំបន់អាហ្វ្រ៊ិកខាងត្បូងនេះ នៅក្នុងឆ្នាំ ២០១៨។
ចំណែកអង្គការសង្គមស៊ីវិល Swaziland Solidarity Network (SSN) ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វ្រ៊ិកខាងត្បូង បានចោទរដ្ឋាភិបាលអ៊ីស្វាទីនី ថា៖ បានផ្តល់ឲ្យនាយករដ្ឋមន្ត្រីនូវការព្យាបាលជំងឺដ៏ល្អមួយ នៅអាហ្វ្រ៊ិកខាងត្បូង បន្ទាប់ពីឆ្លងកូវីដ-១៩ ខណៈប្រព័ន្ធសុខាភិបាលក្នុងស្រុកយ៉ាប់យ៉ឺន។ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ អ៊ីស្វាទីនី មានករណីឆ្លងកូវីដ-១៩លើសពី ៦៧០០ករណី និងមានអ្នកស្លាប់ចំនួន១២៧នាក់។
គួរបញ្ជាក់ថា បើយោងតាមការវាយតម្លៃរបស់ធនាគាពិភពលោក នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ រាជាណាចក្រនេះ មានប្រជាជនច្រើនជាង៣៩ភាគរយ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕
ដោយ៖ស តារា