ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកបូរីជលសារ ចំនួន១០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនទាំង១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគ០៦មុខ និងថវិកាចំនួន៥ម៉ឺនរៀល។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកបូរីជលសារ ប្រធានកិត្តិយស.ស.អ.ក ស្រុក លោកអធិការស្រុក កងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករង និងអាជ្ញាធរភូមិឃុំផងដែរ។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខចំពោះអតីតយុទ្ធជននៅគ្រប់ទីកន្លែង ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមានការខ្វះខាត និងកំពុងតែត្រូវការជំនួយ ក្នុងដំណាក់កាលដែលពួកគាត់ជួបការលំបាក និបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩។ លោកឧត្តមសេនីយត្រី បានណែនាំដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សារអនាម័យ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា