ភ្នំពេញ៖ បើយោងតាមលិខិតក្រសួងមហាផ្ទៃ អង្គភាព នគរដ្រេហ្គន ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ជម្រាបមក លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃស្តីពីការអនុញ្ញាតឱ្យចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក រដ្ឋលេខាធិការ សក់ សេដ្ឋា គឺអនុញ្ញាតឱ្យចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ។
ដោយយោង : – បទបញ្ជារបស់ក្រសួងមហាផ្ទៃ លេខ ០០២ បបជ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការផ្អាកការ ចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលំបម្រើការងារនៅក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ។
-មតិណែនាំដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា, ខ្ញុំសូមជម្រាបជូន លោក លោកស្រី ជ្រាបថា មកទល់ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការ ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” បានបញ្ចប់ការធ្វើចត្តាឡីស័ក និង បានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩។
ផ្អែកតាមស្ថានភាពខាងលើនេះ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យចេញ-ចូលបម្រើការងារវិញ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ តទៅ លើកលែងតែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល។ ក្នុងការចេញ-ចូល បំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឱ្យ ធ្វើការវាស់កំដៅ លាងសម្អាតដៃដោយទឹកអាល់កុលឬដែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្ត វិធានការការពារជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល។ល។
ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យ រកវីរុសកូវីដ-១៩ លើកទី ២ រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីមេត្តាជ្រាប និងចាត់ចែងអនុវត្ត ខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា