ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្មGalaxy Navatra ថាតម្លៃច្រៀងមួយលើករបស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ថ្លៃរហូតដល់២ម៉ឺនដុល្លារអាមេរិក។ មានការលើកជាសំណួរថាពិតឬអត់ ? រហូត អ្នកខ្លះភ្ញាក់ស្ទើភ្លាត់សំឡេងថា មិនគួរឲ្យជឿដែលតម្លៃនេះលើសអស់តារាចម្រៀងលំដាប់ជួរមុខ នៅកម្ពុជា ខណៈដែលទស្សនិកជនជាច្រើនថ្លែងការរិះគន់លើការលើកតម្លៃខ្ពស់ហួសជ្រុលនេះ។
ថ្មីៗនេះ តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រាន់តែកម្មវិធីតូចៗ ដូចជាមង្គលការ ឬពិធីជប់លៀង នាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី។
បើទោះជាយ៉ាងណា លោក យឹម តាស្រង់ ក៏ បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថាបច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង ហើយនាងក៏នឹងក្លាយជាតារាតំណាង របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះផងដែរ។ ស្របទៅតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះលើកឡើងថា ការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននោះ។ លោកថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើ។ មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងនោះទេ។
លេចចេញសាររិះគន់ជាច្រើនពីទស្សនិកជនថាជារឿងដែលមិនគួរឲ្យជឿសម្រាប់សិល្បករនៅកម្ពុជា រហូតមានអ្នកខ្លះលើកឡើងថាជាការបំប៉ោងតម្លៃមួយលើស ឬជ្រុលហួសហេតុ និងនាំឲ្យមានការរិះគន់ខ្លាំងទៅវិញនោះទេ។
ទោះជាយ៉ាងណាអ្នកផលិតកម្មវិធីម្នាក់បានលើកឡើងថា ប្រសិនបើដូចការលើកឡើងខាងលើមែន តន់ ចន្ទសីម៉ា និងក្លាយជាតារាដើរបញ្ច្រាសអស់សិល្បករ ពិសេសអ្នកចម្រៀងក្នុងស្រុក ដែលទូទៅពួកគេបានយកប្រាក់ឈ្នួលពីការច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា ខ្ពស់ជាងការច្រៀងតាមកម្មវិធីជប់លៀង ឬមង្គលការនោះ។ ប្រភពពីក្រុមហ៊ុនឈ្មួញកណ្តាលដែលសម្របសម្រួលឬទាក់ទងនឹងការអញ្ជើញតារាចូលរួមកម្មវិធីធំៗវិញបានលើកឡើងថា ជារៀងរាល់ចុងឆ្នាំ គេតែងធ្វើ បច្ចុប្បន្នភាព នូវរាល់ព័ត៌មាន និងតម្លៃសិល្បករតូចធំ រូមទាំងតម្លៃតារាចម្រៀងសម្រាប់ចូលរួមកម្មវិធីនានាផងដែរ។ ទោះជាយ៉ាងណា គេនៅមិនទាន់ទទួលបានតម្លៃខ្លួននៃការឡើងឆាក ច្រៀង ពីសំណាក់តារាចម្រៀងរូបនេះនៅឡើយដែរ។ ប្រសិនបើដូចការលើកឡើងមែននោះនាងពិតជាក្លាយជាតារាស្រីទី១នៅកម្ពុជាដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅកម្ពុជាក្នុងប្រវត្តិនៃការច្រៀងនោះ។ ប្រភពថា តារាចម្រៀងលំដាប់ជួរមុខ ឬGrad A នៅកម្ពុជាគឺមានតែ២រូបប៉ុណ្ណោះគឺ មាស សុខសោភា និង ឱក សុគន្ធកញ្ញា ដែលពួកនាងមានតម្លៃខ្លួននៃការឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនានាចាប់ពី៣ទៅ៤ពាន់ដុល្លារ ឬអាចលើសនេះតិចតួចទៅតាមតម្រូវការរបស់កម្មវិធី ឬទីជិតទីឆ្ងាយ ហើយតម្លៃនេះក៏បូកបញ្ចូលទាំងក្រុមរាំផងដែរនោះ។ ប្រភពថា ហក់ដល់តម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិកគឺអាចសម្រាប់តារាចម្រៀងទាំងពីរនេះក្នុងការក្លាយខ្លួនជាតារាតំណាងផលិតផលដែលមានភារៈច្រើនដែលត្រូវបំពេញក្នុងអំឡុងកិច្ចសន្យាជាតារាតំណាងនោះ៕