លោក Roger Federer បាននិយាយថា ការជាសះស្បើយពីការវះកាត់លើជង្គង់ខាងឆ្វេងរបស់គាត់កាលពីដើមឆ្នាំនេះបានចំណាយពេលយូរជាងការរំពឹងទុក ហើយគាត់មិនច្បាស់ថា តើគាត់នឹងត្រៀមខ្លួនសម្រាប់ចូលប្រកួតកីឡាវាយតឺន្នីសព្រឹត្តិការណ៍ Australian Open ឬអត់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។លោក Federer ដែលមានវ័យ៤០ឆ្នាំទៅហើយ មិនបានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងទេ ចាប់តាំងពីចាញ់កីឡាករ Novak Djokovic ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលនេះនៅទីលាន Melbourne Park ។
អ្នកឈ្នះពានរង្វាន់ Grand Slam ចំនួន២០សម័យដែលជាកំណត់ត្រាដែលគាត់បាននិយាយកាលពីខែតុលាថា គាត់កំពុងហាត់ដោយគ្មានការឈឺចាប់ហើយរំពឹងថានឹងវិលចូលទីលានប្រកួតវិញនៅ Grand Slam ឆ្នាំនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីលោក Federer ដែលបាននិយាយកាលពីថ្ងៃអាទិត្យនៅឯពិធីប្រគល់រង្វាន់មួយនៅប្រទេសស្វីសថា “ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបាន១០០ភាគរយនៅក្នុងខែតុលាប៉ុន្តែខ្ញុំមិនទាន់មកដល់ថ្ងៃនេះទេ។ បញ្ហាជង្គង់របស់ខ្ញុំត្រូវការព្យាបាលរយៈពេល៦ខែចុងក្រោយនេះមានការរីកចម្រើនជាលំដាប់។ ខ្ញុំចាំមើលរយៈពេល២ខែទៀតដោយបានធ្វើលំហាត់ប្រាណនិងកាយសម្បទាយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ” ។
កម្មវិធីប្រកួតវាយតឺន្នីស Australian Open ត្រូវបានគ្រោងធ្វើនៅថ្ងៃទី១៨-៣១ ខែមករា ប៉ុន្តែត្រូវបានពន្យារពេលទៅថ្ងៃទី៨ ដល់២១ ខែកុម្ភៈដោយជំងឺ COVID-19។ ទោះបីជាមានការពន្យាពេល៣សប្តាហ៍ក៏ដោយ ក៏ប្រហែលជាមិនគ្រប់គ្រាន់ទេសម្រាប់ Federer ដែលធ្លាប់ឈ្នះ Australian Open ៦ដងដើម្បីចូលរួមនៅឆ្នាំនេះ ៕ ដោយ៖ភារៈ