ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការចូលរួមសហការដោយកម្លាំងគណៈបញ្ជាការឯកស្រុកក្រគរសរុបប្រមាណ១៩នាក់ រួមមធ្យោបាយដឹកជញ្ជូនដោយកាណូតចំនួន៤គ្រឿង បានចុះទាញបំផ្លាញចោលនូវឧបកណ៍ចាប់ត្រីខុសសស្ដីពីជលផល ពីរកន្លែង។
ករណីកម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងនេះ ធ្វើឡើងនាថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចតំបន់(ក.ដប)ជាប់ព្រំទល់ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចចុះអនុវត្តផ្ទាល់បានឲ្យដឹងថា លទ្ធផលបង្រ្កានមាន ២ករណី បំផ្លាញរបាំងសាច់អួន២ខ្សែ ស្មើនឹងប្រវែងចំនួន៨៥០ម៉ែត្រ ក្បាលបរចំនួន២គ្រឿង របាំងស្បៃមុងចំនួន៤ខ្សែ ស្មើនឹងប្រវែងចំនួន៨០០ម៉ែត្រ លូកងស្បៃមុងចំនួន៤មាត់ រិបអូសបង្គោលចំរឹងចំនួន២៥០ដើម និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ចំនួន២៥គីឡូក្រាមផងដែរ ។លទ្ធផលដែលជាវត្ថុតាងប្រើមធ្យោបាយ(កាណូត)ទាញបំផ្លាញចោលទាំងស្រុង ។
សេចក្តីរាយការណ៍ពីប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបថា បច្ចុប្បន្ន បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដែលក្រុមប្រព្រឹត្តប្រើប្រាស់មាន ប្រភេទឧបករណ៍ៈ របាំងស្បៃមុង និងរបាំងសាច់អួន កើតមានច្រើនហួសប្រមាណ រាប់មុឺនខ្សែ ១ខ្សែៗរាប់សិបគីឡូម៉ែត្រ ខ្វែងខ្វាត់ពេញបឹងទន្លេសាប។
ប៉ុន្តែមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សហការបង្រ្កាបឬបំផ្លាញចោលបានតែឧបកណ៍មិនបង់(លុយ)ប៉ុណ្ណោះ ពិសេសជាងនេះ! បច្ចុប្បន្ន ជនជាតិវៀតណាមកំពុងធ្វើសកម្មភាព ដោយប្រើប្រាស់នូវឧបករណ៍អួនហ៊ុំទឹកសាប អួនកែច្នៃបំពាក់ដោយឧបករណ៍ឆក់ អូសទាញដោយកម្លាំងម៉ាសុីនធំៗ ពេញផ្ទៃបឹងទន្លេសាប។ដូច្នេះ សូមមន្រ្តីថ្នាក់ក្រសួងពាក់ព័ន្ធមេត្តាជួយពិនិត្យ និងអង្កេតអំពីបញ្ហានេះផង បើពុំដូច្នុះទេពូជមច្ឆាជាតិ និងវិនាសហិនហោចជាក់ជាមិនខាន ៕
ដោយ៖បុឹម ពិន