ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកយិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីជាច្រើនរូបទៀតបាននាំយកថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកអនុសេនីយ៍ឯក ជាប វណ្ណថន អាយុ ៤១ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌចំការមន បន្ទាប់ពីលោកបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៥០ កែងផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានរងរបួសធ្ងន់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សីកាលពីម៉ោង៤រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។
លោកអនុសេនីយ៍ឯក ជាប វណ្ណថន អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះឡី គីមយ៉ា មានកូន៣នាក់ ស្រី២នាក់ ប្រុសម្នាក់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកយិន សាន អធិការនគរបាលខណ្ឌចំការមន និងមេនគរបាលប៉ុស្តិ៍ទាំង៥ បានគោរពវិញ្ញាណក្ខន្ធសពនិងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតម្រែតម្រង់ដួងវិញ្ញាណក្ខន្ធ របស់អនុសេនីយ៍ឯក ជាប វណ្ណថន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកឧត្តមសេនីយ៍ទោស្នងការរង និងលោកអធិការនគរបាលខណ្ឌចំការមន ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលបានបាត់បង់ស្វាមី ឳពុក ជាទីស្រឡាញ់របស់ខ្លួន ដោយលោក មានក្ដីអាឡោះអាល័យ សោកស្ដាយយ៉ាងក្រៃលែង ចំពោះមរណភាពរបស់លោក អនុសេនីយ៍ឯក ជាប វណ្ណថន គឺជាការបាត់បងនូវថ្នាក់ដឹកនាំគំរូ១រូបក្នុងជួរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នារយៈពេលកន្លងមក លោក ជាប វណ្ណថនបានចូលរួមបំពេញភារកិច្ច បេសកកម្ម ការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ។
បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនី៍យ៍ឯក ជាប វណ្ណថន រួចមក លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញ បាននាំយកថវិការបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចំនួន១លានរៀល និងលោកយិន សាន អធិការនគរបាលខណ្ឌចំការមន និងនគរបាលប៉ុស្តិ៍ទាំង៥ សរុបថវិកាចំនួន២លានរៀលប្រគល់ជូនក្រុមគ្រួសារសពផងដែរ។
បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅវត្តមង្គលវ័ន ហៅវត្តថ្វាយបង្គំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕ដោយ៖ជីណា