អន្តរជាតិ៖ បុរសម្នាក់ ព្រោះតែខឹងនិង ATM លេបបាត់កាតរបស់ខ្លួន ដកលុយមិនបាន ក៏ទៅផ្ទះរួចយកញញួរ មកវាយកម្ទេចទូហើយក៏ដើរចេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី ១០ ខែធ្នូកន្លងទៅនេះ នៅខេត្ត Binh Duong ប្រទេសវៀតណាម។
បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុផ្ទាល់ បានអះអាងាថាបង្កការនេះបង្កឡើងដោយបុរសម្នាក់ បានទៅដកលុយនៅទូ ATM របស់ធនាគារមួយ ដែលមានអាសយដ្ឋាននៅជិតផ្ទះខ្លួន។ ក្រោយពេលបុរសរូបនេះដកលុយមិនបាន ហើយត្រូវទូលេបកាតបាត់នោះគេក៏ឃើញលោកដើរចេញ តែមិនទាន់បានប៉ុន្មានផង ស្រាប់តែលោកត្រលប់មកវិញ ដោយមានញញួរនៅក្នុងដៃ ហើយវាយកម្ទេចទូម៉ាស៊ីនខាងលើតែម្ដង។
ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នេះ អ្នកភូមិបានរាយការណ៍ ប៉ូលីសនៅតំបន់បានចុះទៅអន្តរាគមករណីខាងលើដល់កន្លែងកើតហេតុ ហើយបុរសដដែលនេះ ត្រូវបានចាប់ទៅប៉ុស្តិ៍ដើម្បីសាកសួរបន្ត។
ក្រោយឃាត់ខ្លួនសាកសួរ មុខចំពោះមុខសមត្ថកិច្ច បុរសខាងលើបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយលោកលើកឡើងថា ដោយសារតែត្រូវការលុយប្រញាប់ តែត្រូវម៉ាស៊ីនលេបកាតបាត់ ទើបធ្វើឲ្យលោកខឹងមួយឆាវទប់អារម្មណ៍មិនជាប់ ទើបមានករណីមិនគួរនេះកើតឡើង។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះប៉ូលីស បានអះអាងថា នៅពេលមកវាយទូនេះបុរសខាងលើកំពុងស្ថិតក្នុងស្រវឹងស្រវឹងស្រារួចហើយ ព្រមទាំងមានជម្លោះជាមួយប្រពន្ធផងដែរ៕ដោយ៖សហការី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច