ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩។ ក្នុងនោះសម្ដេច បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមឃ្លាំង ដែលអាចទុកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ក្នុងសីតុណ្ហភាពរហូតដល់ -៨០អង្សា ឬក្រោមនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំង! ខ្ញុំព្រះករុណាខ្ញុំបាននិយាយហើយ យើងមានតម្រូវការរហូតទៅដល់ ២៦លានដូស… ឃ្លាំងកំពុងរៀបចំ ដែលមានកម្រិតរក្សាទុករហូតដល់ -៨០អង្សា។ ពេលដែលមានវ៉ាក់សាំងនេះ ក៏ត្រូវគិតអំពីស្ថានភាពនៃការដឹកជញ្ជូន ដែលខ្ញុំសូមស្នើឲ្យឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ត្រូវធ្វើការគិតគូរទៅលើការដឹកជញ្ជូន»។
សូមរំឮកថា ,សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តាមរយៈ Facebook បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោបានថ្លែងថា ពេលសម្តេចបង្ហោះរឿងត្រៀមវ៉ាក់សាំងកូវីដ-១៩ សម្តេចមិនបាននឹកដល់ការចូលរួមរបស់សប្បុរសជននោះទេ។
ដោយឡែក ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩រហូតដល់ ២៦លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។ សម្តេចតេជោ ក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គិតគូរលើរឿងដឹកជញ្ជូនវ៉ាក់សាំងផងដែរ៕
ដោយ៖សិលា