ភ្នំពេញ៖ នៅក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារនៅក្នុងសង្កាត់ផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងមន្ត្រីខណ្ឌ-សង្កាត់ផងដែរនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកនូវដំណឹងដ៏រីករាយបំផុតមួយទៅជម្រាបជូនប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការកុម្មង់ទិញវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជាជំហានដំបូងចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះពិតជាមហាសំណាងបំផុតរបស់កម្ពុជាយើង មានមេដឹកនាំប្រទេសដ៏វាងវៃ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងនៅជាប់ជាមួយប្រជាពលរដ្ឋ មិនថាប្រទេសជាតិស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។
លោកអភិបាលខណ្ឌបានលើកឡើងទៀតថា ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែបានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស។
លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមនបានបន្តថា បើទោះជាមានការបញ្ជាទិញវ៉ាក់សាំងពីសំណាក់រាជរដ្ឋាភិបាលយ៉ាងនេះក្តី ក៏លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថា ជំងឺដ៏កាចសាហាវនេះបាននិងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញនៅឡើយ។ដូច្នេះទាមទារឲ្យយើងគ្រប់គ្នាត្រូវការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងដៃនិឹងសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសង្គមផងដែរ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្ករ.ស សាប៊ូ ម៉ាស់ អាល់កុល ទឹកដោះគោ មី និងថវិកាមួយចំនួនផងដែរ ៕
ដោយ៖ជីណា