ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកទៀតហើយ ! ខណៈចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ដោះលែងជនត្រូវចោទ ជាឃាតកពីរនាក់ ទាំងឪពុកម្ដាយសពជនរងគ្រោះ មិនទាន់បានធ្វើបុណ្យ ១០០ថ្ងៃផង

ចែករំលែក៖

ខេត្តព្រៃវែង៖ ជៀសវាងការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ ប្រព័ន្ធតុលាការ គួរបង្កើនភាពយុត្តិធម៌ តាមផ្លូវច្បាប់ ដូចអ្វីដែលលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ តែងបានក្រើនរំលឹក ដល់ព្រះរាជអាជ្ញា ចៅក្រម តាមសាលាដំបូងរាជធានី-ខេត្ត -សាលាឧទ្ធរណ៍ ត្រូវអនុវត្តឲ្យបាន នូវប្រព័ន្ធយុត្តិធម៌ស្របតាមប្រទេសគ្រប់គ្រងដោយច្បាប់។ 

ជាក់ស្ដែងនៅខេត្តព្រៃវែង មានការភ្ញាក់ផ្អើល ពេលដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទាំងក្រុមគ្រួសារសព មិនទាន់នឹងបានធ្វើបុណ្យគម្រប់ ១០០ ថ្ងៃផង។

ករណីនេះ ឪពុកម្ដាយសពជនរងគ្រោះ កំពុងស្រែករកយុត្តិធម៌ ខណ:ជនត្រូវចោទជាឃាតកទាំងពីរនាក់ ព្រួតគ្នាវាយសម្លាប់កូនរបស់គាត់ ក្នុងបទល្មើសឧក្រិដ្ឋជាក់ស្ដែង ហេតុអ្វីក៏ចៅក្រមសាលាដំបូង ធ្វើការដោះលែងបែបនេះទៅវិញ។ 

ប្រភពពីខេត្តព្រៃវែងបានឲ្យដឹង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា  កន្លងទៅសមត្ថកិច្ចជំនាញ បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យជាឃាតកចំនួន ២នាក់ ក្នុងនោះរួមមាន៖

ទី-ឈ្មោះពៅ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ទី២-ឈ្មោះ ចេង សុភ័ណ្ឌនរ: ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិត្រើយ ង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាឃាតកខាងលើ សមត្ថកិច្ចក៏បានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។ ប៉ុន្តែអ្វីដែលធ្វើឲ្យឪពុកម្ដាយសពជនរងគ្រោះយំបញ្ចេញទឹកភ្នែកនោះ ត្រង់មិនទាន់បានធ្វើបុណ្យសពកូនគម្រប់ ១០០ ថ្ងៃផង បែរជា លោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចដាក់ឲ្យស្ថិតក្នុងការពិនិត្យ តាមផ្លូវតុលាការ (ក្រៅឃុំបណ្ដោះអាសន្ន) ក្នុងបទ “ហិង្សាមានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ”។ 

សូមបញ្ជាក់ថា, លោក អូន យឿន និងភរិយាឈ្មោះ ឈួន សាមៃ ដែលត្រូវជាឪពុកម្ដាយសពជនរងគ្រោះ ឈ្មោះ យាន សំណាង មានទីលំនៅ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ទៅកាន់អ្នកសារព័ត៌មានឲ្យដឹងថា, កូនប្រុសរបស់គាត់ ត្រូវបានគេព្រួតវាយ សម្លាប់ដូចជាសត្វធាតុនៅលើចិញ្ចើមផ្លូវ ។ ទីបំផុត ! ជនដៃដល់ទាំងពីរនាក់ សមត្ថកិច្ចក៏ឃាត់ខ្លួនបាន បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ចុងក្រោយ លោកស្រីចៅក្រមស៊ើបសួរសាលាដំបូង ដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់នោះឲ្យនៅក្រៅឃុំបាត់ទៅហើយ។ 

ជុំវិញការដោះលែងជនត្រូវចោទជាឃាតកទាំងពីរខាងលើ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រៃវែង លោកស្រី អាត សាខន បានឆ្លើយបំភ្លឺតាមប្រព័ន្ធ Telegram ក្នុងគ្រុបអ្នកនាំពាក្យយ៉ាងដូច្នេះថា” ក្នុងនាមនាងខ្ញុំជាអ្នកនាំពាក្យ របស់សាលាដំបូង ខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿងដែល លោកស្រី ទែន សុនីតា ដោះលែងជនសង្ស័យទាំង ២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ ទៅប្រឡងបាក់ឌុបនៅខែធ្នូ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំទៀតផង ហេតុនេះទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំងពីរនាក់ ក្រោមការត្រួតពិនិត្យដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ហើយចំពោះការដោះលែងនៅក្រៅឃុំនេះ មិនមានន័យថា ជាការបញ្ចប់រឿងរបស់ ជនបង្កឲ្យរួចខ្លួននោះទេ សូមកុំឲ្យមានការយល់ច្រឡំ។ 

សូមបញ្ជាក់ថា បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលេខ ២៨៣/២០២ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ និង របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង បញ្ជាក់ថាជនត្រូវចោទមានពីរនាក់ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយប្រហារជនរងគ្រោះបណ្ដាលឲ្យស្លាប់។ 

ការដោះលែងជនត្រូវចោទជាឃាតក ព្រួតគ្នាសម្លាប់ជនរងគ្រោះបែបនេះ គឺជាអំពើដ៏អយុត្តិធម៌បំផុត មកលើឪពុកម្ដាយ សពជនរងគ្រោះ ដែលគាត់មិនទាន់នឹងបានធ្វើបុណ្យគម្រប់១០០ ថ្ងៃឱ្យសពកូនផងនោះ។ បញ្ហានេះ គួរណាស់តែ ខាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏ដូចជាក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេត ជុំវិញការដោះលែងនេះ អាចស្របទៅតាមទំហំនៃអំពើដែលជនត្រូវចោទ ប្រព្រឹត្តក្នុងបទឧក្រិដ្ឋ ព្រួតគ្នាសម្លាប់មនុស្ស ហើយក៏មិនត្រូវយកហេតុផល រឿងប្រលងបាក់ឌុប និងការដាក់ប្រាក់តម្កល់ធានា បទល្មើសឧក្រិដ្ឋបែបនេះបានឡើយ។ 

ការដោះលែងជនត្រូវចោទជាឃាតក បង្ហាញឲ្យឃើញពី បង្កើតអោយមាននិទណ្ឌភាពនៃបទល្មើសក្នុងសង្គម កាន់តែច្រើន ហើយចៅក្រមស៊ើបសួរសាលាដំបូងធ្វើបែបនេះ កំពុងតែដើរផ្ទុយ ការកែទម្រង់ប្រព័ន្ធតុលាការ  របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការលើកឡើងរបស់លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ក្រុមគ្រួសារសពជនរងគ្រោះ សង្ឃឹមថាក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោហ៊ុនសែន និងជួយអស់ពីកម្លាំងកាយចិត្ត តាមផ្លូវច្បាប់ ការពាររឿងក្តីនេះ ដល់រូបគាត់ ជាជនរងគ្រោះក្នុងអំពើដ៏អយុត្តិធម៌នេះផង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖