ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យឈ្មោះ ជា វណ្ណា ភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យរូបនេះគឺជាមុខសញ្ញាចោរលួចយ៉ាងសកម្ម ដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី២៣ខែវិច្ឆិកា នៅក្នុងភូមិអូរអំបិល ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិៈម៉ូតូរត់គេចខ្លួនទៅខេត្តបាត់ដំបង។លុះដល់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ ជននេះបានត្រឡប់ពីខេត្តបាត់ដំបងមកក្រុងសិរីសោភ័ណ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចាប់ឃាត់ខ្លួន នៅចំណុចវេទិកាខេត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ ដើម្បីនាំខ្លួនមកសាកសួរ។
លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានលួចយកកាបូបលុយ នៅភូមិអូរអំបិលនោះពិតប្រាកដមែន ដោយក្នុងកាបូបនោះមានលុយខ្មែរ៧,៥០០រៀល,ខ្សែកចំនួន០២ខែ្ស,ខ្សែជើង០១គូ,កូនសោរ០១ចង្កោម,កាតអេធីអុឹម០១,សៀវភៅធនាគារ០១,ក្រវិលកំប៉ុងរង្វាន់ជាង២០និងលុយដុល្លាសម្រាប់សែន០១ដុំ ។ពេលជិៈម៉ូតូដល់ខេត្តបាត់ដំបងឲ្យប្រពន្ធខ្លួនយកខ្សែក,ខ្សែជើងទៅលក់តែជាគ្រឿងកាឡៃទាំងអស់។
លោក ព្រហ្ម ប៊ុនធឿន បានបញ្ជាក់បន្ថែមថា៖ដោយផ្អែកលើបណ្តឹងជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនខ្លួនឈ្មោះជា វណ្ណា ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕ដោយ៖វណ្ណា